បណ្តាញសង្គម

រ៉ុក្កែត ៥គ្រាប់ ត្រូវបានបាញ់ចេញពីអ៉ីរ៉ាក់ សំដៅទៅកាន់មូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសស៊ីរី (Video inside)

(Reuters)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើមន្ត្រីសន្តិសុខអ៉ីរ៉ាក់ ២នាក់ នៅថ្ងៃចន្ទ ទី២២ ខែមេសានេះបានរាយការណ៍ថាយ៉ាងហោចមាន រ៉ុក្កែត ៥គ្រាប់ត្រូវបានបាញ់ចេញពីទីក្រុង Zummar របស់ប្រទេសអ៉ីរ៉ាក់ សំដៅទៅរកមូលដ្ឋានយោធាអាមេរិកមួយស្ថិតនៅភាគឦសានប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។

នេះជាការវាយប្រហារប្រឆាំងនឹងកងកម្លាំងអាមេរិកដំបូងបំផុត ចាប់តាំងពីដើមខែកុម្ភៈមក ជាពេលដែលក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ក្នុងប្រទេសអ៉ីរ៉ាក់ បង្កើនការវាយប្រហារប្រឆាំងទ័ពអាមេរិក។

ការវាយប្រហារនេះទៀតសោត កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ លោក Mohammed Shia al-Sudani ត្រឡប់មកពីបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ជាទីដែលលោកបានជួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឯសេតវិមាន។

ប៉ុន្តែភ្លាមៗមិនមានសេចក្ដីរាយការណ៍លម្អិតពីការវាយប្រហារខាងលើនោះទេ។ ដោយឡែក ចលនាប្រដាប់អាវុធ Kataib Hezbollah ក្នុងប្រទេសអ៉ីរ៉ាក់ នៅព្រឹកថ្ងៃចន្ទនេះ បានប្រកាសថាកងកម្លាំងរបស់ខ្លួនបានសម្រេចចិត្តចាប់ផ្ដើម បើកការវាយប្រហារឡើងវិញលើកងទ័ពអាមេរិកនៅលើទឹកដីអ៉ីរ៉ាក់ ក្រោយមើលឃើញពីភាពរីកចម្រើនតិចតួចពាក់ព័ន្ធនឹងកិច្ចចរចាស្ដីពីការដកកងទ័ពអាមេរិក ចេញពីទឹកដីអ៉ីរ៉ាក់ អំឡុងទស្សនកិច្ចរបស់លោក Sudani នៅទីក្រុងវ៉ាស៊ីនតោន៕

ដកស្រង់ពី៖ Fresh News