បណ្តាញសង្គម

សភាតំណាងរាស្រ្តអាមេរិក អនុម័តកញ្ចប់ថវិកាជំនួយសរុបជិត១០០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន អ៉ីស្រាអែល និងតៃវ៉ាន់

កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ សភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ថវិកាជំនួយដ៏ធំ សម្បើមមួយ សម្រាប់អ៊ុយក្រែន អ៉ីស្រាអែល ព្រមទាំងតៃវ៉ាន់។

កញ្ចប់ថវិកាខាងលើ មានទំហំសរុបរហូតដល់ ៩៥ពាន់លានដុល្លារ ខណៈព្រឹទ្ធសភាអាមេរិក ដែលគ្រប់គ្រង ដោយគណបក្សប្រជាធិបតេយ្យ នឹងត្រូវធ្វើការបោះឆ្នោតសម្រេចចំពោះកញ្ចប់ថវិកានោះ នៅអំឡុងសប្តាហ៍ ក្រោយ មុនពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អាចចុះហត្ថលេខាជាផ្លួវការ។

ក្នុងចំណោមថវិកា ជំនួយជិត១០០ពាន់លានដុល្លារនោះ ប្រមាណ៦០.៨៤ពាន់លានដុល្លារ នឹងត្រូវផ្តោតទៅលើវិបត្តិសង្រ្គាម នៅអ៊ុយក្រែនជាចម្បង ក្នុងនោះ២៣ពាន់លានដុល្លារ សម្រាប់បំពេញអាវុធក្នុងស្តុករបស់យោធាអាមេរិក ឡើងវិញ, ២៦ពាន់លានដុល្លារសម្រាប់វិបត្តិសង្រ្គាមអ៉ីស្រាអែល ក្នុងនោះ៩.‌១ពាន់លានដុល្លារសម្រាប់ តម្រូវការផ្នែកមនុស្សធម៌, និង៨.១២ពាន់លានដុល្លារ សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ក្នុងនោះរួមមានទាំង សម្រាប់កោះតៃវ៉ាន់។

សូមបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន គឺជាអ្នកគាំទ្រសព្វាវុធធំបំផុតរបស់ទីក្រុងកៀវ នៅក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី ដែលបានផ្ទុះឡើងចាប់តាំងតែពីខែកុម្ភៈ ឆ្នាំ២០២២មក ប៉ុន្តែសភាអាមេរិក មិនបានអនុម័តកញ្ចប់ថវិកាជំនួយទ្រង់ទ្រាយធំណាមួយឡើយសម្រាប់អ៊ុយក្រែន គិតចាប់ពីខែធ្នូ ឆ្នាំ២០២២មក ដោយសារបញ្ហាខ្វែងគំនិតគ្នារវាងបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ នេះបើតាមការផ្សាយរបស់ AFP ។