រដ្ឋាភិបាលវៀតណាម បានប្រកាសឱ្យដឹងកាលពីថ្ងៃពុធថា គណបក្សកុម្មុយនិស្តនៃប្រទេសវៀតណាម បានសម្រេចទទួលយកការលាលែងពីតំណែងរបស់ប្រធានាធិបតីលោក Vo Van Thuong បន្ទាប់ពីរូបលោកទើបតែឡើងកាន់តួនាទីនេះ បានត្រឹម១ឆ្នាំប៉ុណ្ណោះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋាភិបាលវៀតណាម មិនបានបញ្ជាក់លម្អិតពីហេតុផលនៃការលាលែងរបស់លោក Vo Van Thuong នោះទេ ដោយគ្រាន់តែនិយាយថា លោកបានបំពានលើបទបញ្ញត្តិរបស់គណបក្ស និងការប្រព្រឹត្តកំហុសឆ្គង ដែលបានជះផលអវិជ្ជមានដល់សាធារណៈមតិ កិត្តិយសរបស់គណបក្ស រដ្ឋ និងខ្លួនលោកផ្ទាល់។
គណៈកម្មាធិការមជ្ឈិម ដែលជាស្ថាប័នសម្រេចចិត្តកំពូលនៃគណបក្សកុម្មុយនិស្ដវៀតណាម បានទទួលយកការលាលែងពីតំណែងរបស់លោក Vo Van Thuong តែជាងមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ពីលោកត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានាធិបតី។
ចំណែកកិច្ចប្រជុំពិសេសមួយរបស់សភាវៀតណាម នឹងត្រូវធ្វើឡើងថ្ងៃព្រហស្បតិ៍នេះ ជាពេលដែលអ្នកតំណាងរាស្ត្រ ត្រូវបានរំពឹងថា នឹងទទួលស្គាល់ការសម្រេចចិត្តរបស់គណបក្សកុម្មុយនិស្ដ។
សូមបញ្ជាក់ថា ការលាលែងពីតំណែងរបស់លោក Vo Van Thuong មានអាយុ៥៣ឆ្នាំ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយប៉ូលិសវៀតណាម បានប្រកាសពីការឃាត់ខ្លួនអតីតមន្ត្រីវៀតណាមម្នាក់ប្រចាំខេត្ត Quang Ngai ដែលមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយកាលពីជាង១០ឆ្នាំមុន អំឡុងលោក Thuong នៅកាន់តំណែងជាប្រធានបក្សប្រចាំខេត្តមួយនេះ នេះបើតាមការផ្សាយរបស់ Reuters ។