បណ្តាញសង្គម

លោក គីម ជុងអ៊ុន ដឹកនាំការធ្វើតេស្ដម៉ាស៊ីនប្រើឥន្ធនៈរឹង សម្រាប់មីស៊ីលល្បឿនលឿនជាងសំឡេង

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយកាលពីថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើតេស្ដ ប្រកបដោយជោគជ័យលើម៉ាស៊ីនដំណើរការដោយឥន្ធនៈរឹង សម្រាប់មីស៊ីល ល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យមស៊េរីថ្មីមួយ។

តាម KCNA ការធ្វើតេស្ដខាងលើត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ ដោយរដ្ឋបាលមីស៊ីលរបស់កូរ៉េខាងជើង នៅឯមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Sohae ស្ថិតនៅភាគពាយព្យនៃប្រទេស។

KCNA បានឱ្យដឹង ទៀតថា លោក គីម ជុងអ៊ុន បានចាត់ទុកថា គុណតម្លៃយុទ្ធសាស្ត្រយោធានៃម៉ាស៊ីនដំណើរការដោយ ឥន្ធនៈរឹង សម្រាប់មីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យមស៊េរីថ្មីនេះ គឺមានសារៈសំខាន់ដូចគ្នា ទៅនឹងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដែរ។

សូមបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង កាលពីឆ្នាំ២០២៣ បានអះអាងថា ខ្លួនបានដឹកនាំការធ្វើតេស្ដជាបន្តបន្ទាប់ លើម៉ាស៊ីនប្រើឥន្ធនៈរឹងសម្រាប់មីស៊ីលបាលិស្ទីគរយៈចម្ងាយមធ្យម ហើយការប្រកាសនៅពេលនេះដែរ កើត មានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក គីម ជុងអ៊ុន ដឹកនាំការធ្វើតេស្ដប្រព័ន្ធជើងទម្រ បាញ់គ្រាប់រ៉ុក្កែត ចម្រុះខ្នាតយក្ស និងអំពាវនាវឱ្យកងទ័ពរបស់លោកពង្រឹងការត្រៀមលក្ខណៈសម្រាប់សង្រ្គាម។

ការធ្វើតេស្ដលើបច្ចេកវិទ្យាប្រើឥន្ធនៈរឹងសម្រាប់មីស៊ីល គឺជាគោលដៅចម្បងមួយរបស់លោក គីម ជុងអ៊ុន ហើយកូរ៉េខាងជើងកាលពីឆ្នាំមុន បានអះអាងពីការធ្វើតេស្ដដោយជោគជ័យជាលើកដំបូងនូវមីស៊ីល ICBM ប្រើឥន្ធនៈរឹង ដែលលោក គីម ចាត់ទុកថា ជារបកគំហើញថ្មីមួយសម្រាប់សមត្ថភាព វាយបកនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។

បើតាមក្រុមអ្នកជំនាញ មីស៊ីលប្រើឥន្ធនៈរឹង មានភាពងាយស្រួលក្នុងការរៀបចំបាញ់ ចេញជាងមីស៊ីលប្រើឥន្ធនៈរាវ ដ្បិតវាមិនចាំបាច់បញ្ឆេះប្រេងឥន្ធនៈ មុននឹងបាញ់ចេញនោះទេ នេះបើតាម ការផ្សាយរបស់ AFP។