បណ្តាញសង្គម

នាយករដ្ឋមន្រ្តីថៃ ប្រកាសឈប់ធ្វើដំណើរចេញក្រៅប្រទេស២ខែ ក្រោយរងការរិះគន់

 នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin កាលពីថ្ងៃពុធ បាននិយាយថា រូបលោកនឹងផ្អាកធ្វើដំណើរ ចេញក្រៅប្រទេស សម្រាប់រយៈពេល២ខែ ក្រោយមានមតិរិះគន់កាន់តែច្រើន ជុំវិញដំណើរទស្សនកិច្ចក្រៅ ស្រុករបស់លោក។

លោកនាយករដ្ឋមន្រ្តីថៃ បានបង្ហោះសារនៅលើប្រព័ន្ធបណ្តាញសង្គមថា៖ «ខ្ញុំទទួលបានហើយនូវមតិ យោបល់ និងក្តីកង្វល់របស់អ្នកទាំងអស់គ្នា។ ចាប់ពីថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំនេះ ខ្ញុំ នឹងមិនធ្វើដំណើរចេញក្រៅប្រទេសទេ»។

លោក Srettha បានចំណាយប្រហែល១ភាគ៣ នៃរយៈពេល កាន់អំណាច៦ខែមកនេះ នៅឯក្រៅប្រទេស ដើម្បីផ្សព្វផ្សាយសក្តានុពលវិនិយោគនៅប្រទេសថៃ។ ទស្សន កិច្ចចុងក្រោយបង្អស់របស់លោក គឺទៅចូលពិព័រណ៍ទេសចរណ៍ នៅទីក្រុងបែរឡាំងរបស់អាល្លឺម៉ង់ កាលពី ពេលថ្មីៗនេះ។

សូមបញ្ជាក់ថា សកម្មភាពរបស់លោក Srettha បានបង្កឱ្យមានមតិរិះគន់កាន់តែច្រើនឡើង ក្រោមហេតុ ផលថា រដ្ឋាភិបាលរបស់លោក ហាក់មិនផ្តោតសំខាន់លើបញ្ហាចម្បងនៅក្នុងស្រុកផ្ទាល់។

ក្នុងខែមីនានេះ សមាជិកព្រឹទ្ធសភាថៃម្នាក់ បានបង្ហោះសារនៅលើប្រព័ន្ធបណ្តាញសង្គមថា «កំណត់ត្រាថ្មី គឺ៦ខែនៃការ កាន់តំណែងជានាយករដ្ឋមន្រ្តី, បានធ្វើដំណើរចេញក្រៅ ទៅកាន់១៦ប្រទេស។ តើសម្រេចបានលទ្ធផល អ្វីដែរឬទេ?» នេះបើតាមការផ្សាយរបស់ Reuters ។