បណ្តាញសង្គម

លោក ម៉ាក្រុង លើកពេលបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអ៊ុយក្រែន

 វិមានប្រធានាធិបតីបារាំង បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ទៅកាន់ប្រទេសអ៊ុយក្រែន នឹងត្រូវធ្វើឡើងនៅប៉ុន្មានសប្ដាហ៍ខាងមុខ ត្រូវបានលើក ពេលជាលើកទី២។

លោក ម៉ាក្រុង ដំបូងឡើយមានគម្រោងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកៀវ កាលពីខែកុម្ភៈកន្លងទៅនេះ ដើម្បី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយ លោកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។

តែគម្រោងនេះ ត្រូវបានលើកពេល ហើយលោក ហ្សេលេនស្គី ត្រូវធ្វើដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងប៉ារីស ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះជាមួយលោក ម៉ាក្រុង។ តាមក្រុមមន្ត្រីការទូត គម្រោងទី២នៃដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង ត្រូវធ្វើឡើងនៅដើមខែមីនា តែស្រាប់តែត្រូវបានលើក ពេលដូចគ្នា។

យ៉ាងណាក៏ដោយ ក្នុងសេចក្ដីថ្លែងការណ៍មួយ វិមានប្រធានាធិបតីបារាំង បានបញ្ជាក់ថា ប្រមុខរដ្ឋនៃ ប្រទេសទាំង២ បានយល់ព្រមបន្តរក្សាទំនាក់ទំនងជិតស្និទ្ធ ជាពិសេសពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ លោក ម៉ាក្រុង ទៅកាន់អ៊ុយក្រែន ដែលអាចនឹងត្រូវធ្វើឡើងនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។

សូមបញ្ជាក់ថា ការប្រកាសពីការផ្អាកការធ្វើទស្សនកិច្ចរបស់លោក ម៉ាក្រុង កើតមានឡើងតែប៉ុន្មានថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា មីស៊ីលរបស់រុស្ស៉ីមួយគ្រាប់ បានធ្លាក់នៅចម្ងាយប៉ុន្មានរយ ម៉ែត្រប៉ុណ្ណោះពីលោក ហ្សេលេនស្គី និងនាយករដ្ឋមន្ត្រីក្រិក អំឡុងមេដឹកនាំទាំង២ បំពេញទស្សនកិច្ចក្នុង ទីក្រុង អូដេសា ខណៈតាមគម្រោង លោក ម៉ាក្រុង ក៏ត្រូវធ្វើទស្សនកិច្ចទៅកាន់ទីក្រុងអូដេសាផងដែរ នេះបើ តាមការផ្សាយរបស់ Reuters។