បណ្តាញសង្គម

នាយករដ្ឋមន្រ្តីហៃទីលាលែងពីតំណែង បន្ទាប់ពីប្រទេសធ្លាក់ក្នុងភាពចលាចល

 នាយករដ្ឋមន្រ្តីហៃទី លោក Ariel Henry ដែលកំពុងស្ថិតនៅដែនដីអាមេរិក Puerto Rico ស្របពេល ប្រទេសលោក កំពុងធ្លាក់ក្នុងភាពចលាចលនោះ បានសម្រេចលាលែងពីតំណែងហើយ ដើម្បីព្យាយាមបន្ធូរ បន្ថយ វិបត្តិ។

ការលាលែងពីតំណែងរបស់លោក Henry ធ្វើឡើង ស្របពេលមេដឹកនាំក្នុងតំបន់ កំពុងបើកកិច្ចប្រជុំបន្ទាន់ មួយ នៅប្រទេសហ្សាម៉ាអ៉ីក ដើម្បីពិភាក្សាអំពីវិបត្តិនៅហៃទី។ កាលពីចុងខែកុម្ភៈ លោកនាយករដ្ឋមន្រ្តីហៃទី បានធ្វើដំណើរទៅកាន់ប្រទេសកេនយ៉ា ជាទីដែលលោកសម្រេចបានកិច្ចព្រមព្រៀងមួយ ឱ្យក្រុមប្រទេស តំបន់អាហ្រ្វិកខាងកើត បញ្ជូនកងកម្លាំងសន្តិសុខទៅកាន់ហៃទី ដើម្បីជួយស្តារសណ្តាប់ធ្នាប់ឡើងវិញ នៅ ប្រទេសរបស់លោក។

សូមបញ្ជាក់ថា ខណៈរូបលោកស្ថិតនៅក្រៅប្រទេស ហៃទីបានធ្លាក់ទៅក្នុងភាពចលាចល ដោយក្រុមជន អន្ធពាលប្រដាប់អាវុធ ធ្វើសកម្មភាពអុកឡុកពាសពេញប្រទេស ហើយព្រលានយន្តហោះត្រូវបិទទ្វារ ខណៈ មន្ទីរពេទ្យ ផ្សារទំនើប ហាងទំនិញ និងទីតាំងហេដ្ឋារចនាសម្ព័ន្ធធំៗ ត្រូវបានគេគាស់ចូលលួចរបស់របរ ខ្ទេច ខ្ទីគ្មានសល់។

ដោយសារមេដឹកនាំក្រុមជនអន្ធពាល ប្រកាសទាមទារឱ្យរូបលោកចុះចេញពីតំណែង ហើយ ប្រទេសជិតខាង គឺសាធារណរដ្ឋដូមីនីក ប្រកាសមិនស្វាគមន៍ថែមទៀតនោះ លោក Henry ត្រូវបាន អនុញ្ញាតឱ្យចុះចតនៅតំបន់ Puerto Rico ដែលជាដែនដីរបស់សហរដ្ឋអាមេរិក។

ទីក្រុងវ៉ាស៉ីនតោន ក៏បាន បង្ហាញការស្វាគមន៍ផងដែរឱ្យលោក Henry បន្តស្នាក់នៅក្នុងទឹកដីអាមេរិកជាបណ្តោះអាសន្ន រហូតទាល់ តែរូបលោកយល់ថា អាចមានសុវត្ថិភាពពេលត្រឡប់ទៅកាន់ហៃទីវិញ នេះបើតាមការផ្សាយរបស់ AFP ។