បណ្តាញសង្គម

ចិនសម្រេចមិនរៀបចំ សន្និសីទសារព័ត៌មានរបស់នាយករដ្ឋមន្រ្តី នៅចុងបញ្ចប់នៃមហាសន្និបាតសភាប្រចាំឆ្នាំ ដែលជាលើកដំបូងគិតចាប់តាំងពីឆ្នាំ១៩៩៣

  (ប៉េកាំង)៖ មន្រ្តីចិនមួយរូបបានឱ្យដឹងនាថ្ងៃចន្ទនេះថា នាយករដ្ឋមន្រ្តីចិន លោក Li Qiang នឹងមិនធ្វើសន្និសីទសារព័ត៌មានឡើយ ក្រោយមហាសន្និបាតប្រចាំឆ្នាំ នៃសភាប្រទេសចិន បន្ទាប់ពីទម្លាប់ធ្វើសន្និសីទសារព័ត៌មានបែបនេះ ត្រូវបានរក្សាមកអស់រយៈពេល៣ទសវត្សរ៍។

ចាប់តាំងតែពីឆ្នាំ១៩៩៣មក នាយករដ្ឋមន្រ្តីនៃប្រទេសចិន តែងទទួលជួបប្រព័ន្ធផ្សព្វផ្សាយជានិច្ច ក្រោយមហាសន្និបាតរៀងរាល់ឆ្នាំរបស់ សភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) ដើម្បីផ្តល់ឱកាសដ៏កម្រឱ្យក្រុមអ្នកសារព័ត៌មាន ដែលមានទាំងប្រព័ន្ធផ្សព្វផ្សាយបរទេសធ្វើការសួរសំណួរ ក្នុងសន្និសីទកាសែតមួយ ដែលជាទូទៅគ្របដណ្តប់លើ ប្រធានបទជាច្រើន។

បើតាមអ្នកនាំពាក្យសភាចិន លោក Lou Qinjian ការសម្រេចចិត្តដូចខាងលើធ្វើឡើង ដោយសារតែ វានឹងមានការថ្លែងរបាយការណ៍ច្រើនជាងមុនពីសំណាក់ ក្រុមរដ្ឋមន្រ្តីរដ្ឋាភិបាល អំឡុងមហាសន្និបាតសភាប្រចាំឆ្នាំ ជាទីដែលក្រុមមន្រ្តីជាន់ខ្ពស់នៃគណៈរដ្ឋមន្រ្តីចិន នឹងពិភាក្សាពីបញ្ហាផ្សេងៗ ពាក់ព័ន្ធវិស័យការទូត សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន។បើតាមលោក Lou នាយករដ្ឋមន្រ្តីចិន ក៏នឹងមិនធ្វើសន្និសីទកាសែត នៅចុងបញ្ចប់នៃមហាសន្និបាត NPC ឆ្នាំក្រោយៗទៀតដែរ

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ប្រទេសចិនត្រូវបើកមហាសន្និបាតនៃសភាទាំងពីររបស់ខ្លួន ហៅថាព្រឹត្តិការណ៍ Two Sessions គឺសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែមីនា ខណៈមួយទៀត គឺសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន (CPPCC) ដែលបានចាប់ផ្តើមបើកធ្វើនៅថ្ងៃចន្ទនេះ ហើយនឹងបន្តដល់ ថ្ងៃអាទិត្យចុងសប្តាហ៍។

ក្រោយការបិទមហាសន្និបាត NPC កាលពីឆ្នាំមុន លោក Li Qiang បានព្យាយាមផ្តល់ការធានាទំនុកចិត្ត ចំពោះវិស័យឯកជនរបស់ប្រទេសចិន ក្នុងសន្នីសីទសារព័ត៌មានលើកដំបូងរបស់លោក ក្នុងនាមជានាយករដ្ឋមន្រ្តី៕

ដកស្រង់ពី៖ Fresh News