បណ្តាញសង្គម

ទីក្រុងប៉េកាំងសង្ឃឹមថា ទំនាក់ទំនងនឹងអាចប្រសើរឡើង ទោះនរណាឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក ក៏ដោយ

(ប៉េកាំង)៖ នាថ្ងៃចន្ទនេះ ចិនបាននិយាយថា ខ្លួនសង្ឃឹមថាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក នឹងអាចប្រសើរឡើង ទោះបីជានរណាទទួលជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នាខែវិច្ឆិកា ឆ្នាំនេះក៏ដោយ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤។ ឆ្លើយតបសំណួររបស់ក្រុមអ្នកកាសែត អ្នកនាំពាក្យសភាចិន លោក Lou Qinjian បាននិយាយយ៉ាងដូច្នេះថា «អ្នកបានលើកឡើងអំពីការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិក... វាគឺជាកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក។

ទោះបីនរណាក្លាយជាប្រធានាធិបតីអាមេរិកក៏ដោយ យើងសង្ឃឹមថា សហរដ្ឋអាមេរិកបានធ្វើការ ក្នុងទិសដៅស្របគ្នាជាមួយចិន ហើយកសាងទំនាក់ទំនងចិន-អាមេរិកមួយ ដែលល្អ មានស្ថិរភាព ក៏ដូចជានិរន្តរភាព»។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៉ីនតោន មានភាពមិនចុះសម្រុងគ្នាឡើយ ជុំវិញបញ្ហាសំខាន់ៗជាច្រើន រួមមានចាប់តាំងពីបច្ចេកវិទ្យា ពាណិជ្ជកម្ម សិទ្ធិមនុស្ស រហូតដល់តៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤នេះ ទំនងជានឹងដាក់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យជួបតទល់ជាមួយប្រធានាធិបតីបច្ចុប្បន្នគឺ លោក ចូ បៃដិន សាជាថ្មី បន្ទាប់ពីលោក ត្រាំ បានចាញ់លោក បៃដិន កាលពីឆ្នាំ២០២០៕

ដកស្រង់ពី៖ Fresh News