បណ្តាញសង្គម

អត្រាកំណើតនៅប្រទេសជប៉ុន បន្តធ្លាក់ចុះ៨ឆ្នាំជាប់គ្នាដល់កម្រិតទាបបំផុត កាលពីឆ្នាំ២០២៣

(តូក្យូ)៖ ទិន្នន័យពីរដ្ឋាភិបាលជប៉ុន បានបង្ហាញនៅថ្ងៃអង្គារនេះ ចំនួនកំណើតទារកនៅក្នុងប្រទេសអាស៉ីបូព៌ាមួយនេះ បានបន្តធ្លាក់ចុះសម្រាប់៨ឆ្នាំជាប់ៗគ្នា គឺបានធ្លាក់ដល់កម្រិតដ៏ទាបបំផុត កាលពីឆ្នាំ២០២៣។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ ចំំនួនកំណើតថ្មីនៅប្រទេសជប៉ុន បានធ្លាក់ចុះក្នុងអត្រា៥.១ភាគរយ ធៀបទៅនឹងឆ្នាំ២០២២ គឺមានត្រឹម៧៥៨,៦៣១នាក់ ខណៈតួលេខនៃការរៀបអាពាហ៍ពិពាហ៍ បានថយចុះ៥.៩ភាគរយ គឺមានចំនួន៤៩៩,២៨១គូ។

ប្រការនេះធ្វើឱ្យឆ្នាំ២០២៣ គឺជាឆ្នាំដំបូងបំផុត ក្នុងរយៈពេលប្រមាណ៩០ឆ្នាំមកនេះ ដែលចំនួនអាពាហ៍ពិពាហ៍ បានធ្លាក់ក្រោម៥០០,០០០គូ នៅជប៉ុន។ គួរបញ្ជាក់ថា ប្រទេសជិតខាងរបស់ជប៉ុន ក៏កំពុងប្រឈមបញ្ហាស្រដៀងគ្នាផងដែរ។

តួយ៉ាង អត្រាកំណើតសម្រាប់ស្រ្តីម្នាក់ ក្នុងប្រទេសកូរ៉េខាងត្បូង នៅឆ្នាំ២០២៣ គឺត្រឹម០.៧២ ហើយវាត្រូវគេរំពឹងថានឹងបន្តធ្លាក់ចុះ រហូតដល់យ៉ាងហោចឆ្នាំ២០២៥។

ចំណែកនៅប្រទេសចិនវិញ កាលពីឆ្នាំ២០២៣ បានមើលឃើញការថយចុះចំនួនប្រជាជន២ឆ្នាំជាប់គ្នា បន្ទាប់ពីជួបប្រទះការធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល៦ទសវត្សរ៍ កាលពីឆ្នាំ២០២២៕

ដកស្រង់ពី៖ Fresh News