បណ្តាញសង្គម

ស្របពេលប្រទេសកូនកោះទូវ៉ាលូតែងតាំងមេដឹកនាំថ្មី តៃវ៉ាន់អះអាងទទួលបានការធានាថា ទំនាក់ទំនងនឹងបន្តយូរអង្វែងទៅមុខទៀត

 (តៃប៉ិ)៖ តៃវ៉ាន់បានឱ្យដឹងថា ខ្លួនទទួលបានការធានាពីនាយករដ្ឋមន្រ្តីថ្មីនៃកូនប្រទេសដីកោះទូវ៉ាលូ (Tuvalu) នៅថ្ងៃចន្ទនេះថា ចំណងទាក់ទងរវាងភាគីទាំងពីរ គឺនឹងនៅឋិតថេរយូរអង្វែងទៅមុខទៀត បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា ប្រទេសកូនកោះប៉ាស៉ីហ្វិកមួយនេះ មានបំណងចង់ដោះដៃងាកទៅរកទីក្រុងប៉េកាំង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក Feleti Teo ត្រូវបានក្រុមសមាជិកសភាតែងតាំង ជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសទូវ៉ាលូ នាថ្ងៃចន្ទនេះ គឺមួយខែក្រោយការបោះឆ្នោតសកល ដែលបានធ្វើឱ្យ គោលជំហររបស់ប្រទេសដែនកោះមួយនេះ ក្នុងការទទួលស្គាល់តៃវ៉ាន់ ស្ថិតនៅក្រោមភាពស្រពិចស្រពិល។

យ៉ាងណាក្តី នាថ្ងៃដដែលនេះ ឯកអគ្គរដ្ឋទូតតៃវ៉ាន់ប្រចាំទូវ៉ាលូ លោក Andrew Lin បានប្រាប់ថា លោកបានសន្ទនាជាមួយលោក Teo និងក្រុមសមាជិកសភាទូវ៉ាលូ ហើយទទួលបានការធានាថា ទំនាក់ទំនងរវាងតៃវ៉ាន់និងទូវ៉ាលូនៅតែរឹងមាំ ហើយនឹងបន្តយូរអង្វែងទៅមុខទៀត។

គួរបញ្ជាក់ថា ទូវ៉ាលូដែលមានប្រជាជនរស់នៅសរុបត្រឹម១១,០០០នាក់ ស្ថិតក្នុងចំណោមក្រុមប្រទេសមួយចំនួនតូច ពោលគឺនៅសល់តែ១២ប៉ុណ្ណោះ ដែលនៅបន្តមានទំនាក់ទំនងការទូតផ្លូវការ ជាមួយទីក្រុងតៃប៉ិ ជាជាងទីក្រុងប៉េកាំង។

អតីតសម្ព័ន្ធមិត្តការទូតរបស់តៃវ៉ាន់ ដូចជាសូឡូម៉ុន (Solomon Islands) និងគិរីបាទី (Kiribati) បានងាកទៅបង្កើតទំនាក់ទំនងជាមួយទីក្រុងប៉េកាំង កាលពីឆ្នាំ២០១៩ ខណៈនៅខែមករា ឆ្នាំនេះ កូនប្រទេសដីកោះណូរូ បានសម្រេចកាត់ផ្តាច់ទំនាក់ទំនង ជាមួយតៃវ៉ាន់ ដើម្បីទៅចាប់ដៃចិនវិញ៕

ដកស្រង់ពី៖ Fresh News