បណ្តាញសង្គម

អ៊ុយក្រែនបាញ់ស្កាត់ដ្រូនរុស្ស៉ីបាន២២គ្រឿង ក្នុងចំណោម៣៣គ្រឿង ខណៈដ្រូននិងមីស៉ីលអ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់នៅក្បែរទីក្រុងមូស្គូ និងតំបន់ព្រំដែនរបស់រុស្ស៉ី

 (កៀវ)៖ យោធាអ៊ុយក្រែនបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៉ីបានបាញ់យន្តហោះដ្រូន៣៣គ្រឿង និងមីស៉ីល២គ្រាប់ មកលើអ៊ុយក្រែន ខណៈប្រព័ន្ធការពារដែនអាកាស បាញ់កម្ទេចបានដ្រូន២២គ្រឿង ក្នុងចំណោមនោះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤។ កងទ័ពអាកាសអ៊ុយក្រែន បានប្រាប់ថា គោលដៅចម្បងនៃការវាយប្រហារខាងលើ ដែលបានប្រព្រឹត្តទៅចន្លោះយប់ថ្ងៃពុធ-ព្រហស្បតិ៍នេះ គឺតំបន់ភាគខាងត្បូង និងខាងជើងអ៊ុយក្រែន។

ជាលទ្ធផលនៃការវាយប្រហារនោះ អគារមួយចំនួននៅតំបន់ Kherson និង Mykolvai បានរងការខូចខាត ហើយស្រ្តីម្នាក់បានរងរបួស ប៉ុន្តែហាក់មិនមានមនុស្សរងគ្រោះថ្នាក់ដល់ជីវិតឡើយ។ ទន្ទឹមគ្នានេះ អាជ្ញាធររុស្ស៉ីបានអះអាងថា ពីការទប់ស្កាត់ការវាយប្រហារតាមផ្លូវអាកាស របស់អ៊ុយក្រែនផងដែរ តាមរយៈការបាញ់ទម្លាក់ដ្រូន១គ្រឿងនៅក្បែរទីក្រុងមូស្គូ រួមជាមួយមីស៉ីលមួយចំនួន នៅលើតំបន់ Belgorod ក្បែរព្រំប្រទល់អ៊ុយក្រែន។

អំលុងមួយរយៈចុងក្រោយនេះ តំបន់ Belgorod របស់រុស្ស៉ី បានទទួលរងការវាយប្រហារ កាន់តែញឹកញាប់ឡើងពីអ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ មនុស្សយ៉ាងហោច២៥នាក់បានស្លាប់ និងប្រហែល១០០នាក់បានរងរបួស នៅក្នុងទីក្រុង Belgorod នៃតំបន់មានឈ្មោះដូចគ្នា ខណៈវាគឺជាការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតនៅក្នុងទឹកដីរុស្ស៉ី គិតចាប់តាំងពីទីក្រុងមូស្គូបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក៕

ដកស្រង់ពី៖ Fresh News