បណ្តាញសង្គម

ចិនអះអាងថា គោលជំហរមិនបោះបង់ជម្រើសបង្រួបបង្រួមជាតិដោយប្រើកម្លាំងយោធា គឺមានគោលដៅលើការលូកលាន់ពីបរទេស និងក្រុមចង់បំបែករដ្ឋមួយចំនួនតូចប៉ុណ្ណោះ មិនមែនលើប្រជាជនតៃវ៉ាន់ទេ

 (ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនាថ្ងៃពុធនេះ បាននិយាយថា គោលជំហររបស់ចិនក្នុងការមិនបោះបង់ចោលនូវជម្រើស នៃការប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមគ្នាវិញជាមួយតៃវ៉ាន់ គឺមានគោលដៅទៅលើការលូកលាន់ជ្រៀតជ្រែកពីបរទេស និងក្រុមអ្នកមានគំនិតប៉ុនប៉ងចង់បំបែករដ្ឋមួយចំនួនតូច មិនមែនទៅលើប្រជាជនតៃវ៉ាន់ភាគច្រើនឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤។

លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់រដ្ឋាភិបាលចិន បានលើកឡើងថា លទ្ធផលនៃការបោះឆ្នោតតៃវ៉ាន់ នាពេលថ្មីៗ មិនអាចផ្លាស់ប្តូរធាតុពិតដែលថាដែនកោះនេះ គឺជាទឹកដីរបស់ចិន ហើយនៅទីបំផុតនឹងរួបរួមគ្នាវិញ ជាមិនខាននោះឡើយ។

លោក Chen បាននិយាយដូច្នេះថា «ការសន្យារបស់យើង ក្នុងការមិនបោះបង់ចោលជម្រើសកម្លាំងយោធា គឺមិនមានគោលដៅចំពោះជនរួមជាតិតៃវ៉ាន់បន្តិចសោះឡើយ។ ពួកយើងមានគោលដៅតែចំពោះ ការលូកលាន់ជ្រៀតជ្រែកពីកម្លាំងខាងក្រៅ និងក្រុមបំបែករដ្ឋចង់ទាមទារឯករាជ្យតៃវ៉ាន់មួយចំនួនតូចប៉ុណ្ណោះ ព្រមទាំងសកម្មភាពរបស់ពួកគេ»។

មន្រ្តីអ្នកនាំពាក្យចិនខាងលើបានបន្តថា «ប្រសិនបើគណបក្សកាន់អំណាចតៃវ៉ាន់ មិនព្រមភ្ញាក់ខ្លួន ហើយដើរកាន់តែឆ្ងាយទៅៗនៅលើ គន្លងផ្លូវដ៏អាក្រក់នៃការព្យាយាមបង្កហេតុចង់បានឯករាជ្យ នោះវានឹងមានតែរុញច្រានតៃវ៉ាន់ឱ្យធ្លាក់ទៅក្នុងស្ថានការណ៍គ្រោះថ្នាក់ និងនាំមកនូវអន្តរាយធ្ងន់ធ្ងរដល់ ដែនកោះនេះប៉ុណ្ណោះ។

ប្រជាជនតៃវ៉ាន់គឺជាសាច់ជាឈាមរបស់យើង ប៉ុន្តែមួយចំនួនត្រូវបានបំពុល ដោយផ្នត់គំនិតនៃការចង់បានឯករាជ្យ និងមានការយល់ឃើញលម្អៀង ចំពោះទំនាក់ទំនងនៃត្រើយទាំងសងខាងរបស់ច្រកសមុទ្រតៃវ៉ាន់ និងអត្តសញ្ញាណជាតិខ្លួន»។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោក Lai Ching-te មកពីគណបក្សកាន់អំណាចតៃវ៉ាន់បច្ចុប្បន្ន DPP បានជាប់ឆ្នោតជាមេដឹកនាំថ្មីរបស់ដែនកោះនេះ ហើយវាគឺជាជោគជ័យលើកទី៣ជាប់គ្នា សម្រាប់គណបក្ស DPP។

លោក Lai ត្រូវទីក្រុងប៉េកាំង ចាត់ទុកជាបុគ្គលមាននិន្នាការចង់បំបែករដ្ឋដ៏គ្រោះថ្នាក់ម្នាក់ ខណៈលោកនឹងត្រូវឡើងកាន់អំណាចជាផ្លូវការ បន្តពីមេដឹកនាំតៃវ៉ាន់បច្ចុប្បន្ន លោកស្រី Tsai Ing-wen នាខែឧសភា ឆ្នាំនេះ។

បើយោងតាមការស្ទង់មតិនៅតៃវ៉ាន់ ប្រជាជនតៃវ៉ាន់ភាគច្រើនសព្វថ្ងៃនេះ គឺចាត់ទុកខ្លួនឯងជាជនជាតិតៃវ៉ាន់ មិនមែនជាជនជាតិចិនទេ៕

ដកស្រង់ពី៖ Fresh News