បណ្តាញសង្គម

អាមេរិកមានផែនការបញ្ជូនប្រតិភូក្រៅផ្លូវការទៅកាន់តៃវ៉ាន់ ក្រោយការបោះឆ្នោតរើសមេដឹកនាំថ្មី

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកបានឱ្យដឹងថា ខ្លួនមានផែនការបញ្ជូនគណៈប្រតិភូក្រៅផ្លូវការមួយទៅកាន់តៃវ៉ាន់ ក្រោយការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី នៅដែនកោះនេះ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែមករា។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤។ ផែនការខាងលើត្រូវបានបង្ហើបឱ្យដឹង ពីសំណាក់មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់។

មន្រ្តីរូបនោះបាននិយាយថា សមាសភាពនៅក្នុងគណៈប្រតិភូ នឹងរួមមានអតីតមន្រ្តីរដ្ឋាភិបាលអាមេរិក ពោលគឺដូចទៅនឹងការបញ្ជូនប្រតិភូក្រៅផ្លូវការ ពីមុនៗមកយ៉ាងដូច្នោះ អំលុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ប៉ុន្តែមន្រ្តីដដែលបានបន្ថែមថា ចំណុចលម្អិតកំពុងស្ថិតក្រោមការផ្ទៀងផ្ទាត់។

មន្រ្តីខាងលើបានលើកឡើងដូច្នេះថា «ប្រតិភូក្រៅផ្លូវការបែបនេះ ធ្លាប់ត្រូវបានប្រើប្រាស់ពីមុនមក ដើម្បីធានាថា យើងអាចធ្វើការទាក់ទងបានច្បាស់លាស់ជាមួយ មេដឹកនាំតៃវ៉ាន់ដែលជាប់ឆ្នោត ក៏ដូចជាបេក្ខជនដទៃទៀត ស្តីអំពីសារសំខាន់នៃភាពជាដៃគូក្រៅផ្លូវការ ដែលរឹងមាំមួយ។

តួនាទីប្រតិភូប្រភេទនេះ រួមមានដូចជាបង្ហាញឱ្យច្បាស់លាស់ អំពីអ្វីទៅជាគោលនយោបាយចិនតែមួយរបស់សហរដ្ឋអាមេរិក និងអ្វីទៅដែលមិនមែន។ ក្នុងទស្សនៈយើង វាគឺជាប្រភេទនៃការធ្វើប្រាស្រ័យទាក់ទង ដែលចូលរួមចំណែកក្នុងការរក្សាសន្តិភាពនិងស្ថិរភាព»។

គោលនយោបាយចិនតែមួយ សំដៅលើគោលជំហររបស់ទីក្រុងវ៉ាស៉ីនតោន ដែលមិនគាំទ្រឯករាជ្យតៃវ៉ាន់នោះឡើយ។ គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើង ខណៈការបោះឆ្នោតជ្រើសរើសមេដឹកនាំ ក៏ដូចជាសមាជិកសភាអាណត្តិថ្មី នៅកោះតៃវ៉ាន់ នឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ចិនបានប្តេជ្ញាថា នឹងមិនដកថយដាច់ខាតលើបញ្ហាតៃវ៉ាន់ ស្របពេលដែលសហរដ្ឋអាមេរិក បានប្រាប់ឱ្យចិនកុំលូកលាន់ជ្រៀតជ្រែក កិច្ចការបោះឆ្នោតរបស់តៃវ៉ាន់។ កោះតៃវ៉ាន់ត្រូវប្រទេសចិនចាត់ទុក ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយទីក្រុងប៉េកាំងបានប្តេជ្ញាថា នឹងបង្រួបបង្រួមគ្នាវិញជាមួយតៃវ៉ាន់ នៅថ្ងៃណាមួយ៕

ដកស្រង់ពី៖ Fresh News