បណ្តាញសង្គម

អាល្លឺម៉ង់ថា ត្រៀមខ្លួនជាស្រេច ដើម្បីលក់យន្តហោះចម្បាំង Eurofighters ឱ្យអារ៉ាប៊ីសាអូឌីត

 រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា អាល្លឺម៉ង់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការលក់យន្តហោះចម្បាំង Eurofighters ឱ្យអារ៉ាប៊ីសាអូឌីត។

គម្រោងផលិតយន្តហោះចម្បាំង Eurofighter គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អង់គ្លេស អាល្លឺម៉ង់ អ៉ីតាលី និងអេស្ប៉ាញ ហើយដែលប្រទេសនីមួយៗមានសិទ្ធិវេតូ។ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កន្លងមក ធ្លាប់ប្រឆាំងជំទាស់នឹងការលក់យន្តហោះចម្បាំង Eurofighter ទៅឲ្យអារ៉ាប៊ីសាអូឌីត ដោយដៃគូក្នុងក្រុមចម្រុះរបស់លោកបានប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើនេះ ក្រោមហេតុផលព្រួយបារម្ភអំពីសិទ្ធិមនុស្ស និងតួនាទីរបស់អារ៉ាប៊ីសាអូឌីតនៅក្នុងសង្គ្រាមយេម៉ែន។

សូមបញ្ជាក់ថា អាល្លឺម៉ង់ខ្លួនឯងផ្ទាល់ បានផ្អាកលក់អាវុធទៅឲ្យអារ៉ាប៊ីសាអូឌីត ក្រោយការសម្លាប់អ្នកកាសែតអារ៉ាប៊ីសាអូឌីតម្នាក់ នៅខាងក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងអ៉ីស្តង់ប៊ូលរបស់តួកគី កាលឆ្នាំ២០១៨។

ការហាមឃាត់នេះ ក្នុងនោះរួមមានទាំងការរារាំងកិច្ចព្រមព្រៀងលក់យន្ដហោះចម្បាំង Eurofighter ៤៨គ្រឿង ចុះហត្ថលេខាដោយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ាន ក្នុងទីក្រុងឡុងដ៍ នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃចន្ទ ។