បណ្តាញសង្គម

ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel ប្រកាសលាលែងចេញពីតំណែងមុនអាណត្តិ

 អ្នកនយោបាយសញ្ជាតិបែលហ្ស៉ិក លោក Charles Michel បានប្រកាសថា នឹងលាលែងចេញពីតំណែង ជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប មុនពេលផុតអាណតិ្ត ដើម្បីអាចឈរឈ្មោះជាបេក្ខជនម្នាក់ នៅក្នុងការ បោះឆ្នោតរបស់សភាអឺរ៉ុប ដែលគ្រោងធ្វើឡើងនៅខែមិថុនា ឆ្នាំ២០២៤។

លោក Michel បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «ខ្ញុំបានសម្រេចចិត្តឈរឈ្មោះជាបេក្ខជនម្នាក់ នៅក្នុងការបោះឆ្នោតសភាសហភាពអឺរ៉ុប នៅខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ»។

លោក Michel អាយុ ៤៨ឆ្នាំ និងធ្លាប់ជានាយករដ្ឋមន្ត្រីបែលហ្ស៉ិកផងនោះ បានបញ្ជាក់ដែរថា «៤ ឆ្នាំបន្ទាប់ពីការ ចាប់ផ្តើម អាណត្តិរបស់ខ្ញុំជាមេដឹកនាំអឺរ៉ុប ខ្ញុំត្រូវរាយការណ៍អំពីការងាររយៈពេលកន្លងមក និងដាក់ចេញនូវគម្រោង នាពេលអនាគតរបស់អឺរ៉ុប»។

សូមបញ្ជាក់ថា នេះជាការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលទំនងជានឹងបង្កើនឲ្យមានចម្ងល់ ជុំវិញអ្នក ដែលនឹងក្លាយជាមេដឹកនាំបន្ទាប់របស់សហភាពអឺរ៉ុប ខណៈដែលការចាប់ផ្តើមកិច្ចពិភាក្សាជុំថ្មី នឹងធ្វើឡើង នៅក្នុងខែវិច្ឆិកា ហើយពេលនោះដែលអាណត្តិផ្លូវការរបស់លោក Michel បានផុតកំណត់ នេះបើតាមការ ផ្សាយរបស់ AFP កាលពីថ្ងៃចន្ទ ។