បណ្តាញសង្គម

ក្រុងសៀងហៃនៃប្រទេសចិន ជួបប្រទះនឹងអាកាសធាតុចុះត្រជាក់ខ្លាំង មិនធ្លាប់មាន ក្នុងរយៈពេល៤០ឆ្នាំ

 មជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសចិន គឺទីក្រុងសៀងហៃ កំពុងជួបប្រទះនឹងអាកាសធាតុដ៏ត្រជាក់បំផុត មិន ធ្លាប់មានរយៈពេល ៤០ឆ្នាំនៅក្នុងខែធ្នូនេះ ជំរុញឲ្យអាជ្ញាធរចេញការព្រមានអំពីកម្រិតសីតុណ្ហភាពទាប និងខ្យល់ត្រជាក់ ខណៈទីក្រុងភាគខាងជើងប្រទេសចិនឯណោះវិញ ស្ថិតក្នុងលក្ខខណ្ឌត្រជាក់ដូចទឹកកក តែ អាចនឹងធូរស្រាលនៅសប្តាហ៍ក្រោយ។

ការិយាល័យឧតុនិយម បានឲ្យដឹងថា សីតុណ្ហភាពក្នុងទីក្រុងសៀងហៃ កាលពីថ្ងៃព្រហស្បតិ៍ បានធ្លាក់ចុះ រហូតដល់ -៤ ទៅ -៦អង្សាសេ ហើយស្ថិតក្នុងកម្រិតក្រោមសូន្យបែបនេះ ពេញមួយថ្ងៃទូទាំងទីក្រុង។ សីតុណ្ហភាពអប្បបរមានៅឯជាយក្រុង នឹងមានកម្រិតក្រោមសូន្យ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ដែលមិនធ្លាប់ កើតឡើងរយៈពេល ៤០ឆ្នាំ។

បើទោះបីជាអាកាសធាតុត្រជាក់បែបនេះ ជារឿងមិនធម្មតាសម្រាប់ទីក្រុង ស៊ាងហៃ ប៉ុន្តែនៅតែក្តៅជាងតំបន់ភាគខាងជើងប្រទេសចិន ដោយសីតុណ្ហភាពក្នុងខេត្តជាច្រើននៅទីនោះ បានធ្លាក់ចុះកម្រិតទាបជាប្រវត្តិសាស្ត្រ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

សូមបញ្ជាក់ថា អាកាធាតុដ៏ត្រជាក់នេះ ក៏បាននិងកំពុងគម្រាមកំហែងដល់វិស័យដឹកជញ្ជូនអាហារតាមអន ឡាញ ដ៏មមាញឹករបស់ប្រទេសចិនផងដែរ។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មនុស្សមួយចំនួនបានសម្តែង ការស្ទាក់ស្ទើរក្នុងការបញ្ជាទិញ ឬយកឥវ៉ាន់ក្នុងអាកាសធាតុត្រជាក់ខ្លាំងបែបនេះ ដោយសារតែមានការ ព្រួយបារម្ភចំពោះសុវត្ថិភាពអ្នកដឹកជញ្ជូន នេះបើតាមការផ្សាយរបស់ Reuters។