បណ្តាញសង្គម

ហោចណាស់មនុស្ស ១២៧នាក់ស្លាប់ ក្រោយគ្រោះរញ្ជួយដី វាយប្រហារលើភាគពាយព្យប្រទេសចិន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានផ្សាយកាលពីថ្ងៃអង្គារថា គ្រោះរញ្ជួយដីមួយកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារ លើតំបន់ភ្នំដាច់ស្រយាលមួយ ស្ថិតនៅភាគពាយព្យប្រទេសចិន ដោយសម្លាប់មនុស្សយ៉ាងហោច ១២៧ នាក់ និងជាង ៥៣០នាក់ផ្សេងទៀត រងរបួស។

មជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីចិន (CENC) បានឱ្យដឹងដែរថា គ្រោះរញ្ជួយដីខាងលើ បានកើតឡើង ក្នុងតំបន់ Jishishan នៃខេត្ត Gansu ស្ថិតនៅភាគពាយព្យប្រទេសចិន កាលពីពាក់កណ្ដាលយប់ឈាន ចូលថ្ងៃអង្គារ និងមានជម្រៅរញ្ជួយដី១០គីឡូម៉ែត្រទៅក្នុងដី។

ចំណែកក្រុមអ្នកជួយសង្រ្គោះ ២២០០នាក់ ត្រូវបានបញ្ជូនទៅតំបន់រងគ្រោះ ហើយយោធា និងប៉ូលិស ក៏កំពុងចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះផង ដែរ ស្របពេលក្រុមអ្នកជំនាញកំពុងវាយតម្លៃពីទំហំនៃការខូចខាត ខណៈចំនួនអ្នកបាត់ខ្លួន នៅមិនទាន់ត្រូវបានដឹងនៅឡើយទេ។

សូមបញ្ជាក់ថា គ្រោះរញ្ជួយដីតែងតែកើតឡើងជារឿយនៅតាមបណ្ដាខេត្តស្ថិតនៅភាគពាយព្យប្រទេសចិន តួយ៉ាងដូចជាខេត្ត Gansu ហើយគ្រោះរញ្ជួយដីមួយ ដែលផ្ដាច់ជីវិតមនុស្សច្រើនបំផុតក្នុងប្រទេសចិន ក្នុងរយៈប៉ុន្មានទសវត្សរ៍ថ្មីៗនេះ នោះគឺគ្រោះរញ្ជួយដីកម្រិត ៨.០រ៉ិចទ័រ វាយប្រហារលើខេត្ត Sichuan កាលពីឆ្នាំ២០០៨ ដែលសម្លាប់មនុស្សជិត ៧០,០០០នាក់ នេះបើតាមការផ្សាយរបស់ Reuters។