បណ្តាញសង្គម

កាណាដា នឹងទិញយន្តហោះដ្រូនបំពាក់អាវុធ MQ-9B ពីអាមេរិក ក្នុងតម្លៃជិត២ពាន់លាន

 កាលពីថ្ងៃអង្គារ រដ្ឋាភិបាលកាណាដា បាននិយាយថា ខ្លួននឹងទិញយន្តហោះដ្រូនបំពាក់អាវុធ MQ-9B ពី ក្រុមហ៊ុនអាមេរិក General Atomics ដើម្បីយកមកប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក៏ជាសម្រាប់ការ ឃ្លាំមើលឆ្នេរសមុទ្រ និងការជួយសង្រ្គោះគ្រោះមហន្តរាយ។

កិច្ចព្រមព្រៀងទិញយន្តហោះដ្រូនខាងលើ មានតម្លៃ២.៤៩ពាន់លានដុល្លារកាណាដា ឬ១.៨៧ពាន់លាន ដុល្លារអាមេរិក ហើយរួមបញ្ចូលទាំងបញ្ជាគ្រប់គ្រងនៅលើដី រោងសម្រាប់ផ្ទុកយន្តហោះដ្រូន ព្រមទាំង មីស៉ីល Hellfire មួយសំណុំដំបូង។

យន្តហោះដ្រូនទាំងនោះ ត្រូវគេរំពឹងថា នឹងប្រគល់ឱ្យមកកាណាដា នៅ ក្នុង ឆ្នាំ២០២៨ ហើយពួកវានឹងត្រូវដាក់ឱ្យឈរជើង នៅតាមមូលដ្ឋាននៃតំបន់បណ្តោយប្រទេសកាណាដា ទាំងនៅខាងមហាសមុទ្រប៉ាស៉ីហ្វិកនិងអាត្លង់ទិច ព្រមទាំងអាក់ទិច។

សូមបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍របស់យោធាកាណាដា យន្តហោះដ្រូន MQ-9B ដែលមាន សមត្ថភាពហោះហើរបានចម្ងាយ ៧,២០០គីឡូម៉ែត្រ និងស្ថិតនៅលើផ្ទៃអាកាសបានរយៈពេលជាង ២៨ ម៉ោង នឹងត្រូវប្រើប្រាស់សម្រាប់បេសកកម្មយោធានៅក្រៅប្រទេស ជាមួយសម្ព័ន្ធមិត្តរបស់ទីក្រុងអូតាវ៉ា ប៉ុន្តែ ក៏សម្រាប់ឃ្លាំមើលដែនដីដ៏ធំ និងឆ្នេរសមុទ្រដ៏វែងរបស់កាណាដាផងដែរ។

លើសពីនេះទៅទៀត ពួកវាក៏អាច ប្រើដើម្បីគាំទ្រ ដល់ការឆ្លើយតបបន្ទាន់ផ្នែកស៉ីវិល ចំពោះមហន្តរាយភ្លើងឆេះព្រៃនិងគ្រោះទឹកជំនន់ជាដើម នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃពុធ ។