បណ្តាញសង្គម

អាស៊ានបូក៣ ឯកភាពគ្នាក្នុងការបង្កើតយន្តការផ្តល់ហិរញ្ញប្បទានថ្មី ដើម្បីទប់ទល់វិបត្តិ

 (តូក្យូ)៖ ក្រុមការងារនៃបណ្តាប្រទេសអាស៊ានបូក៣ (ASEAN+3) បានព្រមព្រៀងគ្នានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបង្កើតយន្តការផ្តល់ប្រាក់កម្ចីថ្មីមួយនៅក្នុងតំបន់ សម្រាប់ឆ្លើយតបទៅនឹងភាពអាសន្នផ្សេងៗ ចំពោះមុខការកើនឡើង នូវភាពមិនច្បាស់លាស់នៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣។ ក្រុមប្រទេសអាស៊ានបូក៣ រួមមានសមាគមន៍ប្រជាជាតិអាស៉ីអាគ្នេយ៍ បូកជាមួយជប៉ុន ចិន និងកូរ៉េខាងត្បូង។

បន្ទាប់ពីកិច្ចប្រជុំរយៈពេល ២ថ្ងៃរបស់ក្រុមការងារអាស៊ានបូក៣ នៅទីក្រុង Kanazawa ភាគពាយព្យនៃរដ្ឋធានីតូក្យូ លោក Masato Kanda អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុទទួលបន្ទុកកិច្ចការអន្តរជាតិរបស់ជប៉ុន បានឲ្យដឹងថា គម្រោងបង្កើតយន្តការផ្តល់ប្រាក់កម្ចីនេះ ត្រូវបានគេឲ្យឈ្មោះថា Rapid Financing Facility ហើយខ្លឹមសារជាក់លាក់នឹងត្រូវបញ្ជាក់ជាផ្លូវការនៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានបូក៣ ដែលគ្រោងរៀបចំនៅនិទាឃរដូវ និងរដូវក្តៅ ឆ្នាំក្រោយ។

ស្ថាប័នថ្មីនេះមានគោលបំណងបំពេញបន្ថែម នូវបណ្តាញដែលមានស្រាប់ នៃការផ្លាស់ប្តូររូបិយប័ណ្ណពហុភាគីដែលគេស្គាល់ថាជា Chiang Mai Initiative Multilateralisation (CMIM) ដែលអាចប្រើបានក្នុងអំឡុងពេលមានវិបត្តិ។ វានឹងត្រូវបានដាក់ឲ្យដំណើការនៅក្រោមឆ័ត្ររបស់ CMIM។

លោក Kanda បានបញ្ជាក់ថាប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «CMIM ត្រូវបានបង្កើតឡើងដោយពួកយើងទាំងអស់គ្នា សម្រាប់ជាប្រយោជន៍ដល់ស្ថិរភាពហិរញ្ញវត្ថុ។ យើងមិនដឹងថាពេលណាអាចកើតមានគ្រោះមហន្តរាយធម្មជាតិ ឬជំងឺរាតត្បាតទៀតនោះទេ។

ដូច្នេះក្រុមការងារលើវិស័យសេដ្ឋកិច្ច កំពុងចង់បានកន្លែងដែលអាចបំពេញតម្រូវការ នៃការទូទាត់ប្រាក់ ក្នុងពេលមានស្ថានភាពបែបនេះ»។ គួរបញ្ជាក់ថា អាស៊ានបូក៣ បានបង្កើតបណ្តាញប្តូររូបិយប័ណ្ណនៅក្នុងឆ្នាំ ២០០០ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុអាស៉ីនៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ ហើយបានកែប្រែទៅជាបណ្តាញពហុភាគីក្នុងឆ្នាំ ២០១០ ដើម្បីជួយគ្នាទៅវិញទៅមកក្នុងការទប់ស្កាត់ ឬប្រយុទ្ធប្រឆាំងនឹងលំហូរចេញ នៃការវិនិយោគបរទេស៕

ដកស្រង់ពី៖ Fresh News