បណ្តាញសង្គម

រុស្ស៉ីនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤

(មូស្គូ)៖ សភាជាន់ខ្ពស់នៃប្រទេសរុស្ស៉ី នាថ្ងៃព្រហស្បតិ៍នេះ បានបោះឆ្នោតកំណត់យកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៉ី អាណត្តិថ្មី។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣។ ការសម្រេចចិត្តខាងលើ ត្រូវបានអនុម័តក្នុងសំឡេងឯកច្ឆន្ទចំនួន១៦២សំឡេង នៅព្រឹទ្ធសភារុស្ស៉ី។

ប្រធានព្រឹទ្ធសភារុស្ស៉ី លោកស្រី Valentina Matviyenko បាននិយាយថា វាក៏នឹងក្លាយជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៉ីលើកដំបូងផងដែរ ដែលប្រជាជនរស់នៅក្នុងផ្នែកនៃតំបន់ Donetsk, Luhansk, Zaporizhzhya និង Kherson របស់អ៊ុយក្រែន ដែលរុស្ស៉ីកាត់បញ្ជូលជាឧបសម្ព័ន្ធរបស់ខ្លួន ត្រូវចូលរួមបោះ។

យ៉ាងណាមិញ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន មិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ អំពីបំណងរបស់លោក ដើម្បីឈរឈ្មោះសម្រាប់អាណត្តិថ្មី។ លោក ពូទីន បានឡើងកាន់អំណាចដំបូងនៅរុស្ស៉ី កាលពីចុងឆ្នាំ១៩៩៩ ហើយបានជាប់ឆ្នោតជាប្រធានាធិបតីផ្លូវការ នៅឆ្នាំ២០០០ និងជាប់មួយអាណត្តិទៀតនៅឆ្នាំ២០០៤។

នៅក្រោមតាមរដ្ឋធម្មនុញ្ញរុស្ស៉ី នាពេលនោះ រូបលោកមិនអាចបន្តឈរឈ្មោះសម្រាប់អាណត្តិទី៣ជាប់គ្នា នៅឆ្នាំ២០០៨បានឡើយ ដូច្នេះហើយលោក ពូទីន បានបង្ហាញការគាំទ្រ ចំពោះលោក Dmitry Medvedev ដែលជាមនុស្សជំនិត។

លោក Medvedev ក៏បានជាប់ឆ្នោតជាប្រធានាធិបតី ហើយបានតែងតាំងលោក ពូទីន ជានាយករដ្ឋមន្រ្តី។ ទោះចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ លោក ពូទីន មិនមែនជាប្រធានាធិបតីរុស្ស៉ីក៏ដោយ រូបលោកត្រូវគេមើលឃើញថា គឺជាអ្នកគ្រប់គ្រងអំណាចពិតប្រាកដ នៅពីក្រោយខ្នង លោក Medvedev។ គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញរុស្ស៉ី ត្រូវបានធ្វើវិសោធនកម្ម នៅចុងឆ្នាំ២០០៨ ដើម្បីបន្ថែមរយៈពេលកាន់អំណាចរបស់ប្រធានាធិបតីរុស្ស៉ី សម្រាប់មួយអាណត្តិ ពី៤ឆ្នាំ ឱ្យទៅដល់៦ឆ្នាំ ដោយគិតចាប់ពីការបោះឆ្នោតឆ្នាំ២០១២។

ក្រោយរំលងកាន់តំណែងជាប្រធានាធិបតីបានមួយអាណត្តិ លោក ពូទីន អាចបន្តឈរឈ្មោះបានសាជាថ្មី ហើយក៏ជាប់ឆ្នោតនៅឆ្នាំ ២០១២ និងបន្តជាប់ម្តងទៀតនៅឆ្នាំ២០១៨។ រដ្ឋធម្មនុញ្ញរុស្ស៉ី ក៏ត្រូវបានធ្វើវិសោធនកម្មជាបន្ត នៅឆ្នាំ២០២០។ ក្រោមការធ្វើវិសោធនកម្មនោះ ចំនួនអាណត្តិដែលលោក ពូទីន បានកាន់កន្លងមក ត្រូវរាប់សាឡើងវិញ គឺចាប់ពីសូន្យ។

ប្រការនេះបើកផ្លូវឱ្យ លោកអាចបន្តឈរឈ្មោះនៅឆ្នាំ២០២៤ និង២០៣០ ពោលគឺឱ្យលោក ពូទីន មានសិទ្ធិនៅធ្វើប្រធានាធិបតីរុស្ស៉ី បានរហូតដល់ឆ្នាំ២០៣៦៕

ដកស្រង់ពី៖ Fresh News