បណ្តាញសង្គម

មន្រ្តីពន្ធដារថៃ៤នាក់ត្រូវបញ្ឈប់ពីការងារ ក្រោយលុយសរុបជិត៦០លានដុល្លារ ត្រូវបានរកឃើញក្នុងគណនីធនាគារផ្ទាល់ខ្លួន

  (បាងកក)៖ អាជ្ញាធរថៃនាថ្ងៃពុធនេះបានឱ្យដឹងថា មន្រ្តីថៃ៤នាក់ត្រូវបានបណ្តេញចេញពីការងារ បន្ទាប់ពីលុយដល់ទៅជាង២ពាន់លានបាត ឬស្មើនឹង៥៧លានដុល្លារអាមេរិក ត្រូវបានរកឃើញនៅក្នុងគណនីធនាគាររបស់ពួកគេ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣។ លុយប្រហែល៥៧លានដុល្លារអាមេរិកខាងលើ ត្រូវបានរកឃើញនៅក្នុងគណនីច្រើនផ្សេងគ្នា កាន់កាប់ដោយស្រ្តីចំនួន៣នាក់ និងបុរសម្នាក់ ដែលធ្វើការនៅនាយកដ្ឋានពន្ធដារ ក្នុងខេត្ត Samut Prakhan ក្បែរទីក្រុងបាងកក។

គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយនៃប្រទេសថៃ ហៅកាត់ថា NACC បានសម្រេចបញ្ជូនសំណុំរឿងនេះទៅកាន់ ការិយាល័យអគ្គរាជអាជ្ញា ហើយក៏បានស្នើឱ្យតុលាការព្រហ្មទណ្ឌសម្រាប់បទល្មើសពុករលួយ បើកការស៉ើបអង្កេតជាផ្លូវការផងដែរ។

អ្នកនាំពាក្យ NACC បាននិយាយថា ក្រុមបុគ្គល៤នាក់នោះ ហាក់ «មានលុយច្រើនខុសប្រក្រតី» ខណៈទ្រព្យសម្បត្តិដែលត្រូវបានប្រកាសរបស់ពួកគេ ដែលរួមមានទាំងប្រាក់នៅក្នុងធនាគារ គឺមិនសមាមាត្រគ្នាជាមួយ ប្រាក់ចំណូលរដ្ឋាភិបាលរបស់ពួកគេឡើយ ហើយទាំង៤នាក់ សុទ្ធតែមិនអាចពន្យល់បកស្រាយ អំពីប្រភពនៃលុយទាំងនោះ។

បុគ្គលដែលជាបុរសតែម្នាក់ ឈ្មោះ Danai Damrongchaiyothin មានលុយ១.១ពាន់លានបាត (៣១លានដុល្លារអាមេរិក) នៅក្នុងគណនីសរុបចំនួន៧ ខណៈស្រ្តីម្នាក់ ក្នុងចំណោមស្រ្តីទាំង៣នាក់ មានជាង៥០០លានបាត (១៤លានដុល្លារ) នៅក្នុងគណនីចំនួន៥។

គួរបញ្ជាក់ថា ប្រាក់ខែចាប់ផ្តើមដំបូងនៃមន្រ្តីពន្ធដារនៅក្នុងប្រទេសថៃ គឺក្រោម៤៥០ដុល្លារក្នុងមួយខែ។យោងតាមសេចក្តីថ្លែងការណ៍របស់ NACC បុគ្គលទាំង៤នាក់ខាងលើ ត្រូវបានបណ្តេញចេញពីការងារមន្រ្តីរាជការរបស់ពួកគេហើយ ប៉ុន្តែមិនមានការបញ្ជាក់ច្បាស់ថា តើពួកគេត្រូវបានចោទប្រកាន់ឬចាប់ខ្លួន ដែរឬយ៉ាងណានោះទេ៕

ដកស្រង់ពី៖ Fresh News