បណ្តាញសង្គម

យោធាអាមេរិកបញ្ជូនយន្តហោះល្បាត ឱ្យហោះហើរកាត់ពីលើច្រកសមុទ្រតៃវ៉ាន់

 (វ៉ាស៉ីនតោន)៖ យោធាអាមេរិកបានឱ្យដឹងថា នៅថ្ងៃពុធនេះ យន្តហោះល្បាតមួយគ្រឿងរបស់កងទ័ពជើងទឹកអាមេរិក បានបើកឆ្លងកាត់ពីលើច្រកសមុទ្រតៃវ៉ាន់ ដែលជាច្រកសមុទ្រដ៏រសើបបំផុតមួយ ស្ថិតនៅចន្លោះកោះតៃវ៉ាន់ហើយនិងប្រទេសចិន ខណៈទីក្រុងវ៉ាស៉ីនតោនបានចាត់ទុកបេសកកម្មនោះ ជាការបង្ហាញអំពីការប្តេជ្ញារបស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកមួយ ដែលសេរីនិងបើកចំហ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣។ យោធាជើងទឹកអាមេរិកបាននិយាយថា យន្តហោះឈ្លបការណ៍និងល្បាតដែនសមុទ្រ P-8A Poseidon ដែលអាចប្រើប្រាស់សម្រាប់់បេសកម្មប្រឆាំងនាវាមុជទឹកផងដែរនោះ បានហោះហើរឆ្លងកាត់ពីលើច្រកសមុទ្រតៃវ៉ាន់ នៅក្នុងដែនអាកាសអន្តរជាតិ។

សេចក្តីថ្លែងការណ៍របស់យោធាអាមេរិក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការហោះហើរនៃយន្តហោះនេះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ស្តែងអំពីការប្តេជ្ញារបស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលសេរីនិងបើកចំហ។ យោធាអាមេរិក នឹងបន្តហោះហើរ ធ្វើនាវាចរណ៍ និងបំពេញប្រតិបត្តិការ នៅគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត»។

គួរបញ្ជាក់ថា ភ្លាមៗបែបនេះ មិនទាន់មានការបញ្ចេញប្រតិកម្ម ពីសំណាក់ទីក្រុងប៉េកាំងនៅឡើយទេ។ លើកចុងក្រោយដែលយោធាអាមេរិក បានប្រកាសពីការហោះហើរនៃយន្តហោះ Poseidon ឆ្លងកាត់ពីលើច្រកសមុទ្រតៃវ៉ាន់ កាលពីខែតុលាកន្លងទៅ ចិនបានចេញមុខនិយាយថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំងឱ្យតាមឃ្លាំមើល និងព្រមានយន្តហោះអាមេរិក។

កោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយរបបប្រជាធិបតេយ្យ ត្រូវបានប្រទេសចិនប្រកាសទាមទារអធិបតេយ្យ ហើយចិនបានអះអាងថា ខ្លួនមានយុត្តាធិការលើច្រកសមុទ្រតៃវ៉ាន់។ រីឯតៃវ៉ាន់និងអាមេរិកបានប្រកែកថា វាមិនដូច្នោះឡើយ ដោយច្រកសមុទ្រនោះ គឺជាផ្លូវទឹកអន្តរជាតិ៕

ដកស្រង់ពី៖ Fresh News