បណ្តាញសង្គម

លោក ចូ បៃដិន៖ ខ្ញុំមិនច្បាស់ថា នឹងឈរឈ្មោះអាណត្តិថ្មីដែរឬអត់ឡើយ ប្រសិនបើលោក ដូណាល់ ត្រាំ មិនបានចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០២៤ ទេនោះ

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា លោកប្រហែលអាចនឹងមិនឈរឈ្មោះអាណត្តិថ្មីឡើយ ប្រសិនបើអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនបានចូលរួមប្រកួតប្រជែង សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤ ទេនោះ ក្រោមហេតុផលថា លោក ត្រាំ បង្កការគំរាមកំហែងពិសេសចំពោះសហរដ្ឋអាមេរិក។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣។ ថ្លែងក្នុងព្រឹត្តិការណ៍រៃអង្គាសការគាំទ្រ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅជាយទីក្រុង Boston នៃរដ្ឋ Massachusetts លោក បៃដិន បាននិយាយដូច្នេះថា «ប្រសិនបើ លោក ត្រាំ មិនបានឈរឈ្មោះចូលរួមប្រកួតប្រជែងទេនោះ ខ្ញុំក៏មិនប្រាកដថា ខ្ញុំនឹងបន្តឈរឈ្មោះសម្រាប់អាណត្តិបន្ទាប់ដែរ»។

នៅពេល ត្រូវបានសាកសួរ ថាតើរូបលោកនឹងដកខ្លួនវិញដែរឬអត់ ប្រសិនបើលោក ត្រាំ សម្រេចដកខ្លួន លោក បៃដិន បានឆ្លើយថា «អត់ទេ... មិនអាចទេនាពេលនេះ។ លោក ត្រាំ កំពុងតែឈរឈ្មោះ ដូច្នេះខ្ញុំត្រូវតែឈរឈ្មោះប្រកួតប្រជែងដូចគ្នា»។ លោក បៃដិន បានចោទប្រកាន់ថា លោក ត្រាំ គឺជាគ្រោះថ្នាក់ដ៏ធំចំពោះលទ្ធិប្រជាធិបតេយ្យផ្ទាល់។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ដែលធ្លាប់កាន់តំណែងជាប្រធានាធិបតីអាមេរិក ចាប់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ បានប្រកាសចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិថ្មីឆ្នាំ២០២៤ កាលពីខែវិច្ឆិកា ឆ្នាំមុន ខណៈលោក បៃដិន បានប្រកាសចូលរួមកាលពីខែមេសា ឆ្នាំនេះ។

លោក ត្រាំ វ័យ៧៧ឆ្នាំ ត្រូវគេរំពឹងថា នឹងក្លាយជាបេក្ខជនតំណាងគណបក្សសាធារណរដ្ឋ រីឯលោក បៃដិន ដែលមានវ័យ៨១ឆ្នាំ គឺត្រូវគេរំពឹងថា នឹងជាបេក្ខជនតំណាងបក្សប្រជាធិបតេយ្យ ដូច្នេះហើយ អ្នកទាំងពីរទំនងជានឹងត្រូវតទល់គ្នាសាជាថ្មី ក្នុងការបោះឆ្នោតឆ្នាំក្រោយ បន្ទាប់ពីលោក ត្រាំ បានចាញ់លោក បៃដិន ក្នុងការបោះឆ្នោតឆ្នាំ២០២០។

ដកស្រង់ពី៖ Fresh News