បណ្តាញសង្គម

កូរ៉េខាងត្បូងធ្វើតេស្តបាញ់បង្ហោះរ៉ុក្កែតប្រើប្រាស់ឥន្ធនៈរឹង ចំពោះមុខការរត់ប្រណាំងអវកាសជាមួយកូរ៉េខាងជើង

  (សេអ៊ូល)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ កូរ៉េខាងត្បូងបានទទួលជោគជ័យសាជាថ្មីម្តងទៀត ក្នុងការធ្វើតេស្តបាញ់បង្ហោះរ៉ុក្កែតដែលប្រើប្រាស់ឥន្ធនៈរឹង និងផ្ទុកផ្កាយរណប១គ្រឿង នៅលើផ្ទៃសមុទ្រក្បែរកោះ Jeju ចំពោះមុខការកើនឡើងសកម្មភាពរត់ប្រណាំងវិស័យអវកាស ជាមួយកូរ៉េខាងជើង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣។ វាគឺជាការធ្វើតេស្តជោគជ័យលើកទី៣ហើយ នៃបច្ចេកវិទ្យាឥន្ធនៈរ៉ុក្កែតនេះសម្រាប់កូរ៉េខាងត្បូង បន្ទាប់ពីការធ្វើតេស្ត២លើក កាលពីខែមីនា និងខែធ្នូ ឆ្នាំ២០២២។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា ការធ្វើតេស្តកាលពីថ្ងៃចន្ទ ពាក់ព័ន្ធជាមួយបច្ចេកវិទ្យា ដែលត្រូវបានអភិវឌ្ឍឡើង នៅទីភ្នាក់ងារអភិវឌ្ឍការពារជាតិរបស់រដ្ឋាភិបាល ព្រមទាំងម៉ាស៉ីនប៊ូស្ទើនិងផ្កាយរណប ដែលផលិតដោយក្រុមហ៊ុន Hanwha Systems។

ផ្កាយរណបនោះ នឹងត្រូវប្រើប្រាស់សម្រាប់គោលបំណងស៉ីវិល ដែលរួមមានទាំង ការងារតាមដានបរិស្ថាន ហើយវាបានបញ្ជូនសញ្ញាមកកាន់ មជ្ឈមណ្ឌលគ្រប់គ្រងលើផ្ទៃផែនដី ដោយជោគជ័យ ក្រោយទៅដល់គន្លងទីអវកាស។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុនអាមេរិក SpaceX ទើបតែបាននាំយកផ្កាយរណបស៉ើបការណ៍ដំបូងបំផុតរបស់កូរ៉េខាងត្បូង ចេញពីរដ្ឋ California ឡើងទៅកាន់ទីអវកាសដោយជោគជ័យ។

ការបាញ់បង្ហោះផ្កាយរណបចារកម្មនោះ កើតមានឡើងមិនយូរប៉ុន្មានឡើយ បន្ទាប់ពីកូរ៉េខាងជើងបានប្រកាសជោគជ័យ ពីការបាញ់បង្ហោះផ្កាយរណបយោធាស៉ើបការណ៍ដំបូងបង្អស់របស់ខ្លួន ដែលបានទទួលរងការថ្កោលទោសពីសហរដ្ឋអាមេរិក។

កាលពីថ្ងៃចន្ទ កូរ៉េខាងជើងបានចេញមុខរិះគន់ ចំពោះអ្វីដែលខ្លួនចោទថាជា ស្តង់ដាពីររបស់ទីក្រុងវ៉ាស៉ីនតោន ជុំវិញការបាញ់ផ្កាយរណបចារកម្មដោយកូរ៉េទាំងពីរ៕

ដកស្រង់ពី៖ Fresh News