បណ្តាញសង្គម

សេតវិមាន បដិសេធថា មិនទាន់មានកិច្ចព្រមព្រៀងរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស នោះទេ

 សេតវិមាន កាលពីថ្ងៃសៅរ៍ (ម៉ោងនៅវ៉ាស៊ីនតោន) បានបដិសេធការចុះផ្សាយព័ត៌មានដែលថា ប្រទេស កាតា បានជួយសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងមួយរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស គាំទ្រដោយ សហរដ្ឋអាមេរិក លើបទឈប់បាញ់រយៈពេល៥ថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងរាប់សិបនាក់។

ការបដិសេធរបស់សេតវិមាន ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយកាសែតអាមេរិក Washington Post បានផ្សាយថា អ៉ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងបឋមមួយគាំទ្រ ដោយសហរដ្ឋ អាមេរិក ដើម្បីដោះលែងចំណាប់ខ្មាំងរាប់សិបនាក់ ជាថ្នូរនឹងបទឈប់បាញ់រយៈពេល ៥ថ្ងៃ។

សូមបញ្ជាក់ថា នៅក្នុងការវាយប្រហារលើភាគខាងត្បូងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ក្រុម ហាម៉ាស បានចាប់មនុស្សជាង ២៤០នាក់ ជាចំណាប់ខ្មាំង និងសម្លាប់ជនជាតិអ៉ីស្រាអែល ១២០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល។

ចំណែកក្រុមមន្ត្រីហាម៉ាស ក៏បានអះអាងដែរថា ការវាយប្រហារសងសឹក របស់អ៉ីស្រាអែល ដែលបានឈានចូលដល់សប្ដាហ៍ទី៧ បានសម្លាប់មនុស្សជាង ១២,៣០០នាក់ ក្នុងនោះ មានកុមារ ៥,០០០នាក់ នេះបើតាមការផ្សាយរបស់ AFP។