បណ្តាញសង្គម

កងទ័ពជប៉ុន ធ្វើសមយុទ្ធលើកោះមួយ ដែលខ្លួនមើលឃើញថា ងាយរងគ្រោះនឹងការវាយប្រហារពីចិន

 កងកម្លាំងម៉ារីនជប៉ុន កាលពីថ្ងៃអាទិត្យ បានដឹកនាំការធ្វើសមយុទ្ធយោធា នៅលើដែនកោះមួយស្ថិតនៅតាម បណ្ដោយឆ្នេរនៃសមុទ្រចិនខាងកើត ជាការហាត់សមវាយប្រហារបណ្ដេញកងទ័ពសត្រូវ ចេញពីទឹកដីរបស់ខ្លួន ហើយដែលដែនកោះនេះ ត្រូវបានទីក្រុង តូក្យូ មើលឃើញថា ងាយរងគ្រោះនឹងការវាយប្រហារពីសំណាក់ចិន។

នៅចំពោះមុខភាពតានតឹងជាមួយចិន រុស្ស៉ី និងកូរ៉េខាងជើង ជប៉ុន បានធ្វើសមយុទ្ធមួយនៅលើកោះ Tokunoshima ស្ថិតនៅភាគនិរតីប្រទេសជប៉ុន ក្រោមក្របខណ្ឌនៃការធ្វើសមយុទ្ធយោធារយៈពេល១១ថ្ងៃ នៅទូទាំងប្រទេសមានឈ្មោះ «05JX»។

សមយុទ្ធនេះ មានគោលដៅបង្ហោញពីការត្រៀមលក្ខណៈទាំងជើងគោក ជើងអាកាស និងជើងទឹក ដើម្បីការពារទឹកដី និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះរួមមានទាំងរោងចក្រថាមពលនុយក្លេអ៊ែរ។

សូមបញ្ជាក់ថា ការធ្វើសមយុទ្ធយោធារបស់ជប៉ុន ជាពិសេស គឺជាមួយសហរដ្ឋអាមេរិក ត្រូវបានរំពឹងថា នឹងមានការកើនឡើងនៅប៉ុន្មានឆ្នាំទៅមុខ ក្រោយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា កាលពីខែធ្នូ ឆ្នាំ២០២២ បានប្រកាសពីផែនការបង្កើនកញ្ចប់ថវិកាយោធាដ៏ធំមិនធ្លាប់មានចាប់តាំងពីសម័យសង្រ្គាមលោកលើកទី២មក។

រដ្ឋាភិបាលលោក គីស៊ីដា មានផែនការចំណាយកញ្ចប់ថវិកាយោធា ៤៣.៥ទ្រីលានយ៉េន ឬស្មើនឹងជាង ២៩០ពាន់លានដុល្លារ ដោយផ្ដោតជាពិសេសលើការអភិវឌ្ឍមីស៊ីលចម្ងាយឆ្ងាយ។

ប៉ុន្តែ ការធ្លាក់ចុះតម្លៃប្រាក់យ៉េន ក្នុងឆ្នាំ២០២៣នេះ បានបង្ខំឱ្យជប៉ុនកាត់បន្ថយផែនការចំណាយមួយចំនួន ក្នុងនោះរួមមានទាំងការទិញឧទ្ធម្ភាគចក្រ Chinook ផលិតដោយសហរដ្ឋអាមេរិក នេះបើតាមការផ្សាយរបស់ AFP។