បណ្តាញសង្គម

កូរ៉េខាងជើង ប្តេជ្ញាឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការគំរាមកំហែងណាមួយពីសហរដ្ឋអាមេរិក

 កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់ដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិក ទៅកាន់កូរ៉េ ខាងត្បូងនាពេលថ្មីៗនេះ និងប្តេជ្ញាឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះអ្វី ដែលខ្លួនហៅថា ជាការគំរាមកំហែងផ្នែក យោធាពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េ ខាងជើង បានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះការបង្កើនភាពតានតឹងនៅក្នុងតំបន់ ដោយសំដៅទៅលើ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅកូរ៉េខាងត្បូងនៅក្នុងសប្តាហ៍ នេះ។

សូមបញ្ជាក់ថា អំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិក ក្នុងទីក្រុងសេអ៊ូល សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង បានកែលម្អកិច្ចព្រមព្រៀង សន្តិសុខទ្វេភាគី សំដៅរារាំងការគំរាមកំហែងនុយក្លេអ៊ែរ និង មីស៉ីលកូរ៉េខាងជើង។

កូរ៉េខាងជើង ចាត់ទុកថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ត្រូវទទួលខុសត្រូវចំពោះ ការធ្វើឲ្យមានភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េ ដោយលើកឡើងពីសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ពួកគេ និងការបង្កើនវត្តមានយោធាជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ នេះបើតាមការផ្សាយរបស់ AFP ។