បណ្តាញសង្គម

បារាំង ចេញដីកាចាប់ខ្លួនប្រធានាធិបតីស៊ីរី លោក Bashar al-Assad

ប្រទេសបារាំង បានចេញដីកាចាប់ខ្លួនលោក Bashar al-Assad ដោយចោទប្រកាន់ប្រធានាធិបតីស៊ីរី រូប នេះ ពីបទសមគំនិតក្នុងការប្រព្រឹត្តក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ពាក់ព័ន្ធនឹងការវាយប្រហារដោយប្រើ ប្រាស់អាវុធគីមី កាលពីឆ្នាំ២០១៣។

ទីភ្នាក់ងារសារព័ត៌មាន AFP ដោយផ្អែកលើប្រភពមួយពីតុលាការបារាំង ដែលខ្លួនទទួលបាន បានឱ្យដឹង កាលពីថ្ងៃពុធថា លោក Assad ក៏ជាប់សង្ស័យផងដែរក្នុងការសមគំនិតក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ដែលត្រូវបានចោទប្រកាន់ឡើងដោយក្រុមប្រឆាំងស៊ីរីថា របបដឹកនាំរបស់លោកបានសម្លាប់មនុស្សច្រើនជាង ១៤០០នាក់ នៅក្បែរទីក្រុងដាម៉ាស កាលពីខែសីហា ឆ្នាំ២០១៣។

តាម AFP ដីកាចាប់ខ្លួនអន្តរជាតិ ក៏ត្រូវបានចេញផងដែរសម្រាប់ប្អូនប្រុស លោក Assad គឺលោក Maher ដែលជាមេដឹកនាំអង្គភាពយោធាជាន់ខ្ពស់មួយរបស់រដ្ឋាភិបាលស៊ីរី។

សូមបញ្ជាក់ថា នេះ គឺជាដីកាចាប់ខ្លួនអន្តរជាតិលើកដំបូងបំផុត ប្រឆាំងនឹងមេដឹកនាំស៊ីរី ចាប់តាំងសង្រ្គាមនៅស៊ីរីផ្ទុះឡើងកាលពីឆ្នាំ២០១១មក ហើយនេះ ក៏ជាដីការចាប់ខ្លួនលើកដំបូងផងដែរ ពាក់ព័ន្ធនឹងការវាយប្រហារដោយអាវុធគីមីនៅក្នុងទីក្រុង Ghouta កាលពីឆ្នាំ២០១៣ ដែលក្រុមប្រឆាំងចោទប្រកាន់ថា ជាស្នាដៃរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី។ ប៉ុន្តែទាំងលោក Assad និងរដ្ឋាភិបាលរបស់លោក បានច្រានចោលការចោទប្រកាន់នេះ។