បណ្តាញសង្គម

លោក Sunak តែងតាំងអតីតនាយករដ្ឋមន្ត្រី លោក David Cameron ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ចក្រភពអង់គ្លេស

 នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak កាលពីថ្ងៃអង្គារ បានតែងតាំងអតីតនាយករដ្ឋមន្ត្រី លោក David Cameron ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ចក្រភពអង់គ្លេស អំឡុងការរុះរើគណៈរដ្ឋមន្ត្រីជាលើកដំបូងបំផុត ចាប់តាំងពីលោកបានឡើងកាន់អំណាច កាលពីខែតុលា ឆ្នាំ២០២២មក។

សូមបញ្ជាក់ថា ការរុះរើគណៈរដ្ឋមន្ត្រីរដ្ឋាភិបាលអង់គ្លេស ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី លោក Rishi Sunak សម្រេចចិត្តបណ្ដេញរដ្ឋមន្ត្រីមហាផ្ទៃ លោកស្រី Suella Braverman ចេញពីតំណែង ក្រោយលោកស្រី បានធ្វើការចោទប្រកាន់នៅក្នុងអត្ថបទមួយចេញផ្សាយដោយកាសែតនៅក្នុងស្រុកថា ប៉ូលិស អង់គ្លេស មានស្ដង់ដារ២ចំពោះបាតុកម្មតវ៉ា ពោល គឺផ្ដល់ភាពងាយស្រួលដល់បាតុករគាំទ្រប៉ាឡេស្ទីន និងរឹតបន្តឹងលើក្រុមបាតុករអ្នកសាំ្តនិយម។

ការលើកឡើងបែបនេះរបស់លោកស្រី Suella Braverman ត្រូវបានគណបក្សប្រឆាំងធំបំផុតរបស់អង់គ្លេស Labour Party អះអាងថា មានចរិតដុតបញ្ឆេះ ភាពតានតឹងបន្ថែមរវាងក្រុមបាតុករគាំទ្រប៉ាឡេស្ទីន និងក្រុមបាតុករស្ដាំនិយមកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ ជាពេលដែលមនុស្សជិត ១៥០នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន។

ក្រោយភាពចម្រូងចម្រាសនេះ កើតឡើង លោក Rishi Sunak បានសម្រេចតែងតាំងរដ្ឋមន្ត្រីការបរទេស លោក James Cleverly ជារដ្ឋមន្ត្រីមហាផ្ទៃជំនួសលោកស្រី Suella Braverman នេះបើតាមការផ្សាយរបស់ AFP។