បណ្តាញសង្គម

ចលនាតស៊ូប្រដាប់អាវុធនៅមីយ៉ាន់ម៉ា បន្តបង្កើនការវាយលុកក្នុងរដ្ឋ Rakhine

 ក្រុមអ្នកប្រយុទ្ធនៃចលនាតស៊ូប្រដាប់អាវុធជនជាតិភាគតិចមួយ បានបន្តបង្កើនការវាយលុករបស់ពួកគេ លើកងកម្លាំងសន្តិសុខនៃរបបសឹកមីយ៉ាន់ម៉ា នៅរដ្ឋ Rakhine ភាគខាងលិចប្រទេស កាលពីថ្ងៃអង្គារ ពោលគឺ២ថ្ងៃជាប់គ្នា។

អ្នកនាំពាក្យរបស់ចលនាប្រដាប់អាវុធ Arakan Army (AA) បានអះអាងថា កាលពីព្រឹកថ្ងៃអង្គារ ក្រុមអ្នកប្រយុទ្ធពួកគេ ដណ្តើមបានប៉ុស្តិ៍ឈរជើងមួយកន្លែងរបស់កងកម្លាំងប៉ូលិសព្រំដែន នៅភូមិ Chinkhali នៃរដ្ឋ Rakhine ហើយចលនា AA បានវាយប្រហារលើប៉ុស្តិ៍យោធាមួយចំនួន នៅលើជម្រាលភ្នំ២កន្លែង ក្នុងតំបន់ Paletwa នៅរដ្ឋក្បែរខាងគ្នា គឺរដ្ឋ Chin ថែមទៀត។

កាលពីថ្ងៃចន្ទ ចលនា AA បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខ នៅតាមតំបន់១ចំនួន នៃរដ្ឋ Rakhine ដោយអ្នកប្រយុទ្ធរបស់ខ្លួន៦នាក់ និងកងកម្លាំងសន្តិសុខ១០នាក់ បានបាត់បង់ជីវិត។ ចលនាប្រដាប់អាវុធមួយនេះ បានចំណាយពេលរាប់ឆ្នាំមកហើយ ក្នុងការប្រយុទ្ធតស៊ូដើម្បីព្យាយាមទាមទារស្វ័យភាពសម្រាប់ជនជាតិភាគតិចនៃរដ្ឋ Rakhine ហើយក៏មានវត្តមាននៅរដ្ឋ Chin ផងដែរ។

សូមបញ្ជាក់ថា ការប្រយុទ្ធគ្នានៅភាគខាងជើង ដែលអង្គការសហប្រជាជាតិអះអាងថា បានធ្វើឱ្យប្រជាជនស៉ីវិលយ៉ាងហោចជាង៥០,០០០នាក់ រត់ភៀសខ្លួនពីផ្ទះសម្បែង គឺត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ជាបញ្ហាប្រឈមផ្នែកយោធាដ៏ធំមួយសម្រាប់របបសឹកមីយ៉ាន់ម៉ា គិតចាប់តាំងពីការធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១ មកទល់នឹងពេលនេះ នេះបើតាមការផ្សាយរបស់ AFP ។