បណ្តាញសង្គម

អូស្រា្តលីនឹងជំរុញការចែករំលែកបច្ចេកវិទ្យាការពារជាតិជាមួយដៃគូ AUKUS ប៉ុន្តែរឹតត្បិតជាមួយបរទេសដទៃទៀត

(ស៉ីដនី)៖ ច្បាប់ថ្មីរបស់អូស្ត្រាលីនឹងពង្រឹងការរឹតបន្តឹងលើរបៀបចែករំលែកបច្ចេកវិទ្យាក្នុងឧស្សហកម្ម និងសកលវិទ្យាល័យការពារជាតិ ជាមួយបរទេស ប៉ុន្តែទន្ទឹមគ្នានឹងលើកលែងចំពោះដៃគូរបស់ AUKUS ដូចជាចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

សេចក្តីព្រាងច្បាប់បានបង្ហាញថា ច្បាប់នេះមានគោលបំណងធ្វើការចម្លងតាមរបៀបគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក លើបច្ចេកវិទ្យាការពារជាតិ ហើយត្រូវបានមើលឃើញថា ជាជំហានគន្លឹះមួយចំពោះការចាប់ផ្តើមនៃគម្រោង AUKUSដើម្បីសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រភេទថ្មី នៅក្នុងប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេស។

សេចក្តីព្រាងច្បាប់នេះ ក៏មានកំណត់នូវបទល្មើសព្រហ្មទណ្ឌចំនួន ៣ ដោយបន្ថែមការរឹតត្បិតលើការចែករំលែកបច្ចេកវិទ្យាការពារជាតិ ដល់ជនបរទេសទាំងក្នុង និងក្រៅប្រទេសអូស្ត្រាលី ប៉ុន្តែអនុញ្ញាតឲ្យមានការចែករំលែកដោយមិនចាំបាច់មានអាជ្ញាប័ណ្ណ ក្នុងចំណោមដៃគូ AUKUS ។

រដ្ឋមន្រ្តីការពារជាតិអូស្រា្តលី លោក Richard Marles បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា «នេះគឺជាច្បាប់ដ៏មានសារៈសំខាន់សម្រាប់ការបង្កើតមូលដ្ឋានឧស្សាហកម្ម ដោយគ្មានរបាំងជាមួយដៃគូ AUKUS របស់យើង»។

លោក Marles បានបន្ថែមថា អូស្ត្រាលីចាំបាច់ត្រូវធ្វើកំណែទម្រង់ឧស្សាហកម្មការពារជាតិរបស់ខ្លួន ដើម្បីដកបន្ទុករដ្ឋបាល ជាមួយអង់គ្លេស និងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា អូស្ត្រាលី ទើបនឹងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសព្វាវុធរួម ដែលមានសមាជិកដូចជា បារាំង អាល្លឺម៉ង់ អ៉ីតាលី ចក្រភពអង់គ្លេស បែលហ្ស៊ិក និងអេស្បាញ សម្រាប់ការផ្លាស់ប្តូរព័ត៌មានសម្ងាត់ ដើម្បីគាំទ្រដល់កម្មវិធីអាវុធរបស់ខ្លួន។

បណ្ឌិតសភាវិទ្យាសាស្ត្រអូស្ត្រាលី ក៏បានបង្ហាញក្តីព្រួយបារម្ភអំពីផលប៉ះពាល់ នៃកិច្ចសហការផ្នែកវិទ្យាសាស្ត្ររបស់អូស្រ្តាលី ជាមួយប្រទេសដ៏ទៃរួមទាំងចិនផងដែរ៕

ដកស្រង់ពី៖ Fresh News