បណ្តាញសង្គម

សហរដ្ឋអាមេរិកថា នឹងធ្វើជាម្ចាស់ផ្ទះល្អ ចំពោះរុស្ស៉ី នៅឯកិច្ចប្រជុំកំពូល APEC

មន្រ្តីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា សហរដ្ឋអាមេរិក នឹងចាត់ទុករុស្ស៉ីជាអ្នកចូលរួមពេញលេញ សម្រាប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៉ីប៉ាស៉ីហ្វិក (APEC) នៅក្នុងសប្ដាហ៍នេះ ទោះបីជាកន្លងមកសហរដ្ឋអាមេរិក ប្រឹងប្រែង ធ្វើឲ្យរុស្ស៉ីឯកោ ដោយសារតែការឈ្លានពានលើអ៊ុយក្រែនក៏ដោយ។

ឧបនាយករដ្ឋមន្រ្តីរុស្ស៉ី លោក Alexei Overchuk នឹងតំណាងឲ្យរុស្ស៉ីចូលរួមកិច្ចប្រជុំកំពូល APEC នៅ ទីក្រុង San Francisco ក្នុងសប្តាហ៍នេះ។ លោក Overchuk ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មជាច្រើន របស់ប្រទេសលោកខាងលិច រួមទាំងពីសហភាពអឺរ៉ុប ប៉ុន្តែមិនស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋ អាមេរិក ដូចមន្រ្តីកំពូលៗផ្សេងទៀតរបស់រុស្ស៉ីនោះទេ។

សូមបញ្ជាក់ថា ក្រសួងការបរទេសអាមេរិក កាលពីខែតុលា បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួន នឹងមិនស្វាគមន៍ លោក ពូទីន សម្រាប់កិច្ចប្រជុំនៅ San Francisco ឡើយ តែពេលនោះរុស្ស៉ីឆ្លើយតបថា វាអាស្រ័យលើ សមាជិកនីមួយៗរបស់ APEC ដែលនឹងកំណត់អ្នកតំណាងរបស់ខ្លួន នេះបើតាមការផ្សាយរបស់ AFP ។