បណ្តាញសង្គម

អាមេរិក កូរ៉េខាងត្បូង និងជប៉ុន នឹងចាប់ផ្ដើមចែករំលែកទិន្នន័យស្ដីពី ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង នៅខែធ្នូ

រដ្ឋមន្ត្រីការពារជាតិអាមេរិក កូរ៉េខាងត្បូង និងជប៉ុន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានឯកភាព គ្នាថា នឹងដំណើរការប្រតិបត្តិការចែករំលែកទិន្នន័យដែលប្រមូលបានភ្លាមៗ ពាក់ព័ន្ធនឹងការបាញ់តេស្ដ មីស៊ីលរបស់កូរ៉េខាងជើង នៅខែធ្នូខាងមុខ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដែលកំពុងស្ថិតនៅក្នុងទីក្រុងសេអ៊ូល ដើម្បីចូលរួមកិច្ច ប្រជុំសន្តិសុខត្រីភាគី បានជួបជាមួយសមភាគីកូរ៉េខាងត្បូង លោក Shin Won-sik ខណៈរដ្ឋមន្ត្រីការពារ ជាតិជប៉ុន លោក Minoru Kihara ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ។

សូមបញ្ជាក់ថា ការឯកភាពគ្នារបស់រដ្ឋមន្ត្រីការពារជាតិនៃសម្ព័ន្ធមិត្តទាំង៣ កើតមានឡើងបន្ទាប់ពីមេដឹកនាំរបស់ពួកគេ បានចូលរួមក្នុងកិច្ចប្រជុំកំពូលមួយ រៀបចំឡើងដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឯជំរំ Camp David កាលពីខែសីហាកន្លងទៅ។

ទីក្រុងសេអ៊ូល តូក្យូ និងទីក្រុងវ៉ាស៊ីនតោន បានបង្កើនការពង្រឹងកិច្ចសហប្រតិបត្តិការនឹងគ្នា នៅចំពោះមុខការធ្វើតេស្ដមីស៊ីលជាបន្តបន្ទាប់ដោយទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០២៣នេះ នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃចន្ទ ។