បណ្តាញសង្គម

ប្រធានាធិបតីតួកគី អំពាវនាវឲ្យមានការដាក់សម្ពាធលើសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់សង្រ្គាមរបស់អ៉ីស្រាអែលនៅ Gaza

(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានអំពាវនាវកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ឲ្យមានការដាក់សម្ពាធលើសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៉ីស្រាអែលលើតំបន់ Gaza ហើយថានឹងគ្មានកិច្ចព្រមព្រៀងណាមួយសម្រេចបានឡើយ ដរាបណាទីក្រុងវ៉ាស៉ីនតោនមិនទទួលស្គាល់ថា Gaza ជាទឹកដីសម្រាប់ប្រជាជនប៉ាឡេស្ទីន។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក Erdogan បានប្រាប់ក្រុមអ្នកសារព័ត៌មានតួកគី ក្រោយត្រឡប់មកពីអារ៉ាប៊ីសាអូឌីត យ៉ាងដូច្នេះថា «យើងគួរតែជួបពិភាក្សាជាមួយអេហ្ស៉ីប និងបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រផ្សេងទៀត ហើយដាក់សម្ពាធលើសហរដ្ឋអាមេរិក។

អាមេរិកគួរតែបង្កើនសម្ពាធលើអ៉ីស្រាអែល។ លោកខាងលិចគួរតែបង្កើនសម្ពាធលើអ៉ីស្រាអែល... វាមានសារៈសំខាន់ណាស់សម្រាប់ពួកយើង ក្នុងការទទួលបានបទឈប់បាញ់»។លោក Erdogan បានបន្ថែមថា «ប្រទេសដ៏សំខាន់បំផុតដែលត្រូវតែចូលរួមនោះ គឺសហរដ្ឋអាមេរិកដែលមានឥទ្ធិពលស្រាប់ លើអ៉ីស្រាអែល»។

យើងមិនអាចយល់ស្របជាមួយ លោក Biden បានទេ ប្រសិនបើលោកនៅតែមើលឃើញថា Gaza គ្រាន់តែជាទឹកដីនៃអ្នកតាំងលំនៅ ឬរបស់អ៉ីស្រាអែល ជាជាងទឹកដីរបស់ប្រជាជនប៉ាឡេស្ទីន»។

គួរបញ្ជាក់ថា លោកប្រធានាធិបតីតួកគី ទើបត្រឡប់មកពីកិច្ចប្រជុំកំពូលនៃមេដឹកនាំអារ៉ាប់ និងមូស្លីមនៅរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត ដោយបានថ្កោលទោសចំពោះសកម្មភាពរបស់កងកម្លាំងអ៉ីស្រាអែលនៅតំបន់ Gaza។

លោក Erdogan ក៏គ្រោងនឹងទៅបំពេញទស្សនកិច្ចប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់មកទៅកាន់ប្រទេសអេហ្ស៉ីប ក៏ដូចជាត្រៀមធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីអ៉ីរ៉ង់ នាពេលឆាប់ៗខាងមុខ៕

ដកស្រង់ពី៖ Fresh News