បណ្តាញសង្គម

លោក ពូទីន ជួបមន្រ្តីយោធាកំពូលៗរបស់រុស្ស៉ី ដើម្បីពិភាក្សាអំពីសង្រ្គាមនៅអ៊ុយក្រែន

 (មូស្គូ)៖ នៅថ្ងៃសុក្រនេះ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាអំពីសង្រ្គាមអ៊ុយក្រែនជាមួយមន្រ្តីយោធាកំពូលៗ ដែលរួមមានទាំងរដ្ឋមន្រ្តីការពារជាតិ លោក Sergei Shoigu និងប្រធានអគ្គសេនានៃកងកម្លាំងប្រដាប់អាវុធ លោកឧត្តមសេនីយ៍ Valery Gerasimov។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

រូបភាពដែលចេញផ្សាយដោយវិមានក្រឹមឡាំងបង្ហាញឲ្យឃើញ លោក ពូទីន ស្ថិតក្នុងកិច្ចប្រជុំជាមួយ លោក Shoigu លោក Gerasimov និងលោកឧត្តមសេនីយ៍ Sergei Rudskoy ប្រធាននាយកដ្ឋានប្រតិបត្តិការចម្បង នៃអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធរុស្ស៉ី នៅឯទីស្នាក់ការកណ្តាលរបស់ក្រុមយោធាភាគខាងត្បូង ក្នុងទីក្រុង Rostov។

វិមានក្រឹមឡាំង បានបញ្ជាក់ទៀតថា «ប្រមុខរដ្ឋបានស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពនៃប្រតិបត្តិការយោធាពិសេស ខណៈដែលមេទ័ពកំពូលៗ ទទួលការណែនាំអំពីគំរូនៃសម្ភារៈយោធាថ្មីៗ»។

គួរបញ្ជាក់ថា កាលពីថ្ងៃតុលា លោក ពូទីន ធ្លាប់បានចុះទៅដល់ទីស្នាក់ការកណ្តាលយោធាក្នុងទីក្រុង Rostov នេះម្តងរួចមកហើយ ដែលជាកន្លែងដែលអតីតប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin ចាប់ផ្តើមការបះបោរបរាជ័យកាលពីខែមិថុនា៕

ដកស្រង់ពី៖ Fresh News