បណ្តាញសង្គម

រដ្ឋមន្រ្តីការបរទេសអាមេរិក បង្ហាញក្តីបារម្ភអំពីទំនាក់ទំនងយោធារុស្ស៉ី-កូរ៉េខាងជើង

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក បានចែករំលែកក្តីបារម្ភជាមួយសមភាគីកូរ៉េខាងត្បូង អំពីការកើនឡើងនូវទំនាក់ទំនងយោធារវាងរុស្ស៉ី និងកូរ៉េខាងជើង ដែលពាក់ព័ន្ធនឹងលំហូរអាវុធ និងជំនួយបច្ចេកទេស។

លោក Blinken និងរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Park Jin ក៏បានពិភាក្សាអំពីការស្វែងរកយុទ្ធសាស្ត្រទប់ស្កាត់ ចំពោះការរគំរាមកំហែងពីកូរ៉េខាងជើង ដែលអាចសំដៅដល់ការប្រើប្រាស់សម្ភារយោធាអាមេរិក រួមទាំងកងកម្លាំងនុយក្លេអ៊ែរ សម្រាប់ការការពារពីការវាយប្រហារណាមួយ និងការកែលម្អកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូងជាមួយជប៉ុន។

សូមបញ្ជាក់ថា កូរ៉េខាងជើង និងរុស្ស៉ី បានបដិសេធកិច្ចព្រមព្រៀងសព្វាវុធណាមួយ ទោះបីជាមេដឹកនាំប្រទេសទាំងពីរ បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធ ក្នុងពេលជួបគ្នាកាលពីខែកញ្ញាក៏ដោយ នេះបើតាមការផ្សាយរបស់ Reuters ។