បណ្តាញសង្គម

នាយករដ្ឋមន្រ្តីអូស្រ្តាលី-ចិន ជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង, កិច្ចប្រជុំប្រចាំឆ្នាំរវាងមេដឹកនាំប្រទេសទាំង២ នឹងបន្តដូចដើមឡើងវិញ

 នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese កាលពីថ្ងៃអង្គារ បានជួបពិភាក្សាគ្នាជាមួយនាយករដ្ឋមន្រ្តីចិន លោក លី ឈាង នៅឯទីក្រុងប៉េកាំង ខណៈវា គឺជាការចាប់ផ្តើមឡើងវិញនូវកិច្ចប្រជុំប្រចាំឆ្នាំរវាងមេដឹកនាំនៃប្រទេសទាំងពីរ ដែលលោក Albanese បាននិយាយថា នឹងបន្តប្រព្រឹត្តទៅដូចដើមឡើងវិញ ស្របពេលដែលទំនាក់ទំនងរវាងទីក្រុងកង់បេរ៉ា និងទីក្រុងប៉េកាំង កំពុងវិលមករកស្ថិរភាពយ៉ាងឆាប់រហ័ស។

លោក Albanese កំពុងស្ថិតនៅប្រទេសចិន ក្នុងការបំពេញទស្សនកិច្ចលើកដំបូងដោយមេដឹកនាំអូស្រ្តាលី គិតក្នុងរយៈពេល៧ឆ្នាំ បន្ទាប់ពីបញ្ហាជម្លោះការទូតបានឈានទៅដល់ការផ្អាកកិច្ចប្រជុំប្រចាំឆ្នាំ រវាងមេដឹកនាំប្រទេសទាំងពីរ។

មុនពេលជួបលោក លី លោក Albanese ក៏បានជួបជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង កាលពីថ្ងៃចន្ទផងដែរ ហើយលោក ស៉ី បាននិយាយថា ចំណងទាក់ទងដែលមានស្ថិរភាពរវាងចិន និងអូស្រ្តាលី នឹងបម្រើផលប្រយោជន៍ទៅវិញទៅមក ហើយប្រទេសទាំងពីរ គួរតែពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម ដែលជាសញ្ញាយ៉ាងច្បាស់មួយ បង្ហាញថា ចិនត្រៀមលក្ខណៈរួចជាស្រេច ដើម្បីបន្តបោះជំហានចេញពីភាពតានតឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

សូមបញ្ជាក់ថា ចិន បានដកបម្រាមពាណិជ្ជកម្មលើការនាំចេញភាគច្រើនរបស់អូស្រ្តាលី បន្ទាប់ពីពួកវាត្រូវបានដាក់កាលពីឆ្នាំ២០២០ អំលុងពេលដែលអូស្រ្តាលី បានអំពាវនាវ ឱ្យមានការស៉ើបអង្កេតអន្តរជាតិជុំវិញប្រភពដើម នៃជំងឺរាតត្បាតសកលកូវីដ១៩។

លោក Albanese បាននិយាយថា លោក នឹងពិភាក្សាជាមួយលោក លី អំពីការបន្តឡើងវិញទាំងស្រុង នៃការធ្វើពាណិជ្ជកម្មដោយសេរី និងគ្មានការរឹតត្បិតរវាងប្រទេសទាំងពីរ ព្រមទាំងមធ្យោបាយដើម្បីកសាងសណ្តាប់ធ្នាប់តំបន់ និងសកលមួយ ដែលមានសុខសន្តិភាព ស្ថិរភាព និងវិបុលភាព នេះបើតាមការផ្សាយរបស់ Reuters ។