បណ្តាញសង្គម

New Delhi រឹតបន្តឹងការប្រើប្រាស់យានយន្ត ដើម្បីទប់ស្កាត់ការបំពុលបរិយាកាស

 រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់រដ្ឋាភិបាលក្នុងតំបន់ បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងញូវដែលីរបស់ឥណ្ឌា នឹងដាក់កម្រិតលើការប្រើប្រាស់យានយន្តរយៈពេលមួយសប្តាហ៍ នៅចន្លោះថ្ងៃទី ១៣ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ដើម្បីទប់ស្កាត់ការបំពុលខ្យល់។

ច្បាប់នេះ នឹងអនុញ្ញាតឱ្យយានជំនិះដែលមានស្លាកលេខសេស អាចបើកបរបាននៅថ្ងៃសេស ហើយស្រដៀងគ្នានេះដែរ យានជំនិះដែលមានលេខចុះបញ្ជីគូរ នឹងត្រូវបានអនុញ្ញាតនៅលើដងផ្លូវនៅថ្ងៃឆ្លាស់គ្នា។

ទីក្រុង ញូវដែលី តែងតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុង ដែលមានការបំពុលខ្លាំងបំផុតរបស់ពិភពលោក ជា រៀងរាល់ឆ្នាំ មុនពេលចាប់ផ្តើមនៃរដូវរងាក្នុងខែវិច្ឆិកា នៅពេលដែលខ្យល់បក់ស្ងប់ស្ងាត់ សីតុណ្ហភាពទាប នាំមកនូវការបំពុល ដែលបញ្ចេញចេញពីប្រភពជាច្រើន។

សូមបញ្ជាក់ថា យោងតាមស្ថាប័នគ្រប់គ្រងការបំពុលសហព័ន្ធ បានឱ្យដឹងថា គុណភាពខ្យល់គឺ "ធ្ងន់ធ្ងរ" សម្រាប់រយៈពេលបីថ្ងៃជាប់ៗគ្នានៅក្នុងទីក្រុង កាលពីថ្ងៃចន្ទ ដោយបង្ខំឱ្យរដ្ឋាភិបាលទីក្រុង ពន្យារពេលបិទសាលាបឋមសិក្សា រហូតដល់ថ្ងៃទី 10 ខែវិច្ឆិកា នេះបើតាមការផ្សាយរបស់ Reuters។