បណ្តាញសង្គម

ចិន ជំរុញឱ្យមីយ៉ាន់ម៉ា ផ្ដល់ការសហការ ដើម្បីរក្សាស្ថិរភាពនៅតាមតំបន់ព្រំដែន

 មន្ត្រីចិនម្នាក់ កាលពីថ្ងៃចន្ទ បាននិយាយថា មីយ៉ាន់ម៉ា គួរតែធ្វើកិច្ចសហប្រតិបត្តិការជាមួយចិន ដើម្បីថែរក្សាស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំង២ ខណៈយោធាមីយ៉ាន់ម៉ា និងកងកម្លាំដប្រដាប់អាវុធជនជាតិភាគតិច កំពុងបង្កើនការវាយប្រយុទ្ធដណ្ដើមទឹកដីគ្នាកាន់កាប់។

កាលពីសប្ដាហ៍មុន យោធាមីយ៉ាន់ម៉ា បាននិយាយថា នឹងព្យាយាមវាយបកទៅលើក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលបានវាយកាន់កាប់បានទីក្រុងយុទ្ធសាស្ត្រមួយ នៅតំបន់ព្រំដែនភាគខាងជើងនៃប្រទេសជាប់ជាមួយចិន។

លោក Nong Rong ជាឧបការីរដ្ឋមន្ត្រីការបរទេសចិន បានគូសបញ្ជាក់ដូច្នេះថា «មីយ៉ាន់ម៉ាគួរតែធ្វើកិច្ចសហប្រតិបត្តិការជាមួយចិន ដើម្បីរក្សាស្ថិរភាពនៅតាមបណ្ដោយព្រំដែនរវាងចិន និងមីយ៉ាន់ម៉ា ហើយធានាសន្តិសុខដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនចិននៅតាមតំបន់ព្រំដែន ព្រមទាំងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹងសន្តិសុខ»។

សូមបញ្ជាក់ថា លោក Nong Rong ជាឧបការីរដ្ឋមន្ត្រីការបរទេសចិន ដែលបានធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែវិច្ឆិកា បានលើកឡើងដែរថា ចិន រំពឹងថា មីយ៉ាន់ម៉ា នឹងអាចស្ដារស្ថិរភាពឡើងវិញ និងគាំទ្រគ្រប់ភាគីទាំងអស់ដោះស្រាយការខ្វែងគំនិតគ្នា ក៏ដូចជាសម្រេចឱ្យបាននូវការផ្សះផ្សារគ្នា តាមរយៈកិច្ចសន្ទនា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នេះបើតាមការផ្សាយរបស់ Reuters ។