បណ្តាញសង្គម

សហរដ្ឋអាមេរិកថា នៅតែបន្តផ្តោតលើតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ទោះបីមានបញ្ហាប្រឈមជាសកលផ្សេងទៀតក៏ដោយ

(វ៉ាស៉ីនតោន)៖ មន្រ្តីការទូតជាន់ខ្ពស់អាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សហរដ្ឋអាមេរិកនៅតែបន្តផ្តោតទៅលើតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកដដែល បើទោះបីជាមានការបញ្ហាប្រឈមជាសកលដទៃទៀតក៏ដោយក្តី ស្របពេលដែលរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken នឹងត្រូវធ្វើដំណើរទៅកាន់តំបន់អាស៉ី ក្រោយការបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ា នៅចំពោះមុខសង្រ្គាមរវាងអ៉ីស្រាអែលនិងហាម៉ាស។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក Daniel Kritenbrink មន្រ្តីការទូតកំពូលអាមេរិកទទួលបន្ទុកតំបន់អាស៉ីបូព៌ា បាននិយាយថា ទស្សនកិច្ចរបស់លោក Blinken ទៅកាន់តំបន់អាស៉ី នឹងស្តែងឱ្យឃើញពីការប្តេជ្ញាយ៉ាងមុតមាំរបស់សហរដ្ឋអាមេរិក ចំពោះឥណ្ឌូ-ប៉ាស៉ីហ្វិក ក៏ដូចជាការបន្តផ្តោតសំខាន់របស់ទីក្រុងវ៉ាស៉ីនតោនទៅលើតំបន់នេះ ទោះបីនៅចំពោះមុខបញ្ហាប្រឈមជាសកលដទៃទៀតក៏ដោយ។

លោក Kritenbrink បានបន្តថា «ការប្តេជ្ញារបស់យើងចំពោះតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក នៅតែបន្តមានភាពធន់ទ្រាំ ហើយមូលដ្ឋាននៃការទូតរបស់យើងនៅឥណ្ឌូ-ប៉ាស៉ីហ្វិក នៅតែបន្តផ្តោតលើការពង្រឹងចំណងទាក់ទងជាមួយសម្ព័ន្ធមិត្ត ដៃគូ និងមិត្តភក្តិ ហើយពង្រីកសមត្ថភាពជារួមរបស់ពួកគេ ហើយនិងសមត្ថភាពរួមរបស់ពួកយើង ក្នុងការគាំទ្រដល់សណ្តាប់ធ្នាប់អន្តរជាតិដែលឈរលើក្បួនច្បាប់»។

គួរបញ្ជាក់ថា លោក Blinken បានធ្វើដំណើរទៅដល់អ៉ីស្រាអែលនាថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីវិបត្តិសង្រ្គាមអ៉ីស្រាអែលនៅតំបន់ Gaza Strip ហើយលោកនឹងឆ្លៀតចូល ប្រទេសហ៊្សកដានី មុនពេលឆ្ពោះទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំជាមួយសមភាគីនៃក្រុមប្រទេស G7 ព្រមទាំងបើកកិច្ចពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសជប៉ុន រួចបន្តទៅកូរ៉េខាងត្បូងនិងឥណ្ឌា។ ជារួមដំណើរបំពេញទស្សនកិច្ចរបស់លោក Blinken នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា៕

ដកស្រង់ពី៖ Fresh News