បណ្តាញសង្គម

ប្រទេសជប៉ុនចាប់ផ្តើមបញ្ចេញទឹក Fukushima លើកទីបី

ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បាននិយាយថា ខ្លួនបានចាប់ផ្តើមបញ្ចេញទឹកចំនួន 7,800 តោន ដែលត្រូវបានប្រើ ដើម្បីធ្វើឱ្យម៉ាស៊ីនរ៉េអាក់ទ័រត្រជាក់ ដែលបានរលាយ បន្ទាប់ពីរលកយក្សស៊ូណាមិដ៏សាហាវកាលពីឆ្នាំ 2011។

អ្នកនាំពាក្យរបស់ TEPCO បានប្រាប់ AFP ថា "ការបញ្ចេញលើកនេះ ត្រូវបានគេប៉ាន់ស្មានថា នឹងបញ្ចប់ក្នុងរយៈពេលប្រហែល 17 ថ្ងៃ" ។ ចាប់ពីចុងខែសីហាមក ម៉ាស៊ីន បានចាប់ផ្តើមបញ្ចេញបន្តិចម្តងៗនូវទឹកសំណល់ ដែលមានចំនួនប្រហែល នឹងអាងហែលទឹកអូឡាំពិកចំនួន 540 ដែលកំពុងត្រូវបានរក្សាទុកនៅក្នុងបរិវេណនៃរោងចក្រថាមពល Fukushima Daiichi ។

គ្រឿងបរិក្ខារនេះ អស់កន្លែងសាងសង់ធុងទឹកបន្ថែមទៀត ហើយ TEPCO ត្រូវការសម្អាតតំបន់នេះសម្រាប់កិច្ចការដ៏គ្រោះថ្នាក់បន្ថែមទៀត ក្នុងការដកឥន្ធនៈវិទ្យុសកម្ម និងកម្ទេចថ្មចេញពីម៉ាស៊ីនរ៉េអាក់ទ័រចំនួនបី។ ជប៉ុន អះអាងថា ទឹកដែលត្រូវបានបញ្ចេញនោះ គឺគ្មានគ្រោះថ្នាក់ ហើយត្រូវបានពង្រាវខ្លាំងជាមួយទឹកសមុទ្រ។

វាក៏ត្រូវបានបញ្ចេញជាបណ្តើរៗ ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ សូមបញ្ជាក់ថា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ និងប្រទេសសេដ្ឋកិច្ចឈានមុខជាច្រើន បានកាន់ជើងប្រទេសជប៉ុន។