បណ្តាញសង្គម

ចំនួនមនុស្សស្លាប់នៅតំបន់ហ្គាហ្សាកើនលើសជាង ៩,០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ

 ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សា បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនប្រជាជនប៉ាឡេស្ទីនដែល ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ឥឡូវនេះ បានកើនឡើងដល់ ៩,០៦១ នាក់ហើយ ក្នុងនោះមានកុមារ ៣,៧៦០ នាក់ និងស្ត្រី ២,៣២៦ នាក់ ខណៈចំនួនអ្នករបួស មាន លើសពី ៣២,០០០ នាក់ ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះបច្ចុប្បន្នរវាងអ៊ីស្រាអែល និងក្រុម ហាម៉ាស់។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនៅហ្គាហ្សា បាននិយាយថា អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកជាង ១០,០០០ គ្រាប់នៅលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហាររបស់ខ្លួន ហើយវាត្រូវ បានគេប៉ាន់ស្មានថា បរិមាណគ្រឿងផ្ទុះដែលអ៊ីស្រាអែលប្រើប្រាស់ គឺលើសពី ២៥,០០០ តោន ឬឈាន ដល់ប្រមាណ ៧០ តោនក្នុងមួយគីឡូម៉ែត្រការ៉េ។ .

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែតុលា ក្រុមហាម៉ាស់ បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅ លើអ៊ីស្រាអែល ដោយបានបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់ និងវាយលុកចូលទឹកដីអ៊ីស្រាអែល ដោយបានសម្លាប់ មនុស្សយ៉ាងហោចណាស់ ១,៤០០ នាក់នៅក្នុងប្រទេសអ៊ីស្រាអែល។

ជាការឆ្លើយតប កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស និងប្រតិបត្តិការជើងគោកប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីប និងបានដាក់ ការបិទខ្ទប់ទាំងស្រុងលើតំបន់ហ្គាហ្សា នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ។