បណ្តាញសង្គម

ប្រធានាធិបតីតួកគី លោក Erdogan លុបចោលផែនការទៅបំពេញទស្សនកិច្ច នៅអ៊ីស្រាអែល

 ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រកាសប្រាប់តំណាងគណបក្សកាន់អំណាច នៅក្នុងសភាកាលពីថ្ងៃពុធថា លោក បានលុបចោលផែនការទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ដោយ សារសង្គ្រាម «អមនុស្សធម៌» របស់ប្រទេសនេះ ប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សា។

ទំនាក់ទំនងរបស់ទីក្រុងអង់ការ៉ាជាមួយអ៊ីស្រាអែល ត្រូវបានជាប់គាំងដោយសារតែការវាយឆ្មក់របស់ អ៊ីស្រាអែលលើកប៉ាល់តួកគី ដែលដឹកជំនួយទៅកាន់តំបន់ហ្គាហ្សា និងបានសម្លាប់ជនស៊ីវិល ១០ នាក់ កាលពីឆ្នាំ ២០១០ ។

ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កកាលពីខែមុន លោក Erdogan បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដោយបានបង្ហាញ ពីភាពប្រសើរឡើងនៃទំនាក់ទំនងទ្វេរភាគី ជាមួយការសម្រេចចិត្តក្នុងការតែងតាំងឯកអគ្គរដ្ឋទូតឡើងវិញ។

នៅថ្ងៃដំបូងនៃសង្រ្គាម លោក Erdogan បានបញ្ចេញសម្លេងប្រតិកម្មដោយឈរនៅកណ្តាល ដោយថ្កោលទោសរាល់ការវាយប្រហារលើជនស៊ីវិល និងជំរុញឱ្យអ៊ីស្រាអែលឆ្លើយតបយ៉ាងប្រុងប្រយ័ត្ន។

ប៉ុន្តែលោកបានបញ្ចេញមតិខ្លាំងៗលើអ៊ីស្រាអែល បន្ទាប់ពីការបំផ្ទុះដ៏សាហាវនៅមន្ទីរពេទ្យមួយក្នុងហ្គាហ្សា កាលពីសប្តាហ៍មុន ដែលនាំឱ្យមានការតវ៉ាដ៏ធំ និងខឹងសម្បារនៅទូទាំងពិភពមូស្លីម នេះបើតាមការផ្សាយរបស់ AFP។