បណ្តាញសង្គម

ព្យុះស៉ីក្លូននៅប្រទេសបង់ក្លាដែស ផ្តាច់ជីវិតមនុស្ស២នាក់ និងបង្ខំឱ្យជិត២៧៥,០០០នាក់ ភៀសខ្លួនរកកន្លែងសុវត្ថិភាព

 កាលពីថ្ងៃពុធ មនុស្សជិត២៧៥,០០០នាក់នៅប្រទេសបង់ក្លាដែស បាននាំគ្នាភៀសខ្លួនទៅកាន់មជ្ឈ មណ្ឌលជ្រកកោនសុវត្ថិភាព ខណៈដែលព្យុះស៉ីក្លូនឈ្មោះ Hamoon បានបោកបក់លើបណ្តោយឆ្នេរភាគ អាគ្នេយ៍ នៃប្រទេសអាស៉ីខាងត្បូងមួយនេះ ហើយសម្លាប់មនុស្ស២នាក់។

អ្នកជំនាញផ្នែកឧតុនិយមរបស់បង់ក្លាដែស បាននិយាយថា ព្យុះស៉ីក្លូន Hamoon បានធ្វើដំណើរមកដល់ ស្រុក Chittagong និង Cox's Bazar កាលពីវេលាយប់រំលងអធ្រាត្រថ្ងៃពុធ ជាមួយកម្លាំងខ្យល់ល្បឿន អតិបរមា១០៤គីឡូម៉ែត្រក្នុង១ម៉ោង។

បើតាមការព្យាករ ព្យុះស៉ីក្លូននេះ នឹងបន្តបោកបក់នៅលើផ្ទៃដី ហើយ ថយចុះឥទ្ធិពលដោយសន្សឹមៗ។ សូមបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំនេះ ព្យុះស៉ីក្លូនឈ្មោះ Mocha បានក្លាយជាព្យុះខ្លាំងក្លាបំផុត ដែលបានវាយប្រហារលើបង់ក្លាដែស គិតចាប់តាំងពីព្យុះស៉ីក្លូន Sidr កាលពីខែវិច្ឆិកា ឆ្នាំ២០០៧។

ព្យុះ Sidr បានឆក់យកជីវិតមនុស្សជាង៣,០០០នាក់ ហើយបង្កឱ្យមានការខូចខាតគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ នេះបើតាមការចេញផ្សាយរបស់ AFP ។