បណ្តាញសង្គម

តៃវ៉ាន់ បិទសាលារៀន លុបចោលជើងហោះហើរ ខណៈកំពុងត្រៀមលក្ខណៈទទួលព្យុះទីហ្វុង Koinu

 កោះតៃវ៉ាន់ កាលពីថ្ងៃពុធ បានលុបចោលជើងហោះហើរ បិទសាលារៀន ព្រមទាំងការិយាល័យជាច្រើន ជា បណ្ដោះអាសន្ន ខណៈព្យុះទីហ្វុង Koinu កំពុងបក់បោកកាន់តែជិតដល់តំបន់ឆ្នេរភាគខាងត្បូងរបស់ខ្លួន។

ព្យុះទីហ្វុង Koinu ត្រូវបានរំពឹងថា នឹងនាំមកជាមួយខ្យល់បក់ខ្លាំង និងធ្វើឱ្យមានរលកទឹកសមុទ្រឡើង ដល់កម្ពស់ ៧ម៉ែត្រ នៅតាមបណ្ដោយឆ្នេរភាគខាងត្បូង។ ដោយមានពីការព្រមាននេះ អាជ្ញាធរក្នុងតំបន់បាន សម្រេចចិត្តបិទសាលារៀន និងការិយាល័យ ក្នុងតំបន់ Pingtung និង Taitun រួមទាំងកោះ Penghu និង Green Island ជាបណ្ដោះអាសន្ន។

ព្យុះទីហ្វុងនេះ កំពុងស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រ ពីតំបន់ឆ្នេរភាគ ខាងត្បូងបំផុតនៃកោះតៃវ៉ាន់ ជាមួយល្បឿនខ្យល់បក់ ១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចឡើងដល់ អតិបរមា ១៩១គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមបញ្ជាក់ថា ព្យុះទីហ្វុង Koinu ត្រូវបានព្យាករថា នឹងបក់បោកទៅដល់ដីគោកនៃភាគខាងត្បូងកោះតៃវ៉ាន់ មុនរសៀលថ្ងៃព្រហស្បតិ៍នេះ ស្របពេលជើងហោះហើរអន្តរជាតិច្រើនជាង ៥០ជើង និងជើងហោះហើរ ក្នុង ស្រុកនៅទូទាំងតំបន់ឆ្នេរភាគខាងត្បូង ត្រូវបានលុបចោលបណ្ដោះអាសន្ន ខណៈព្យុះទីហ្វុង Koinu កំពុង បក់បោកកាន់តែជិតដល់តំបន់ឆ្នេរភាគខាងត្បូងរបស់ខ្លួន នេះបើតាមការផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃពុធ ។