បណ្តាញសង្គម

ឥណ្ឌា ប្រាប់កាណាដា ឲ្យដកមន្ត្រីការទូត៤១នាក់ចេញ

 កាសែត Financial Times បានផ្សាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌា បានប្រាប់ប្រទេសកាណាដាថា ខ្លួន ត្រូវតែធ្វើមាតុភូមិនិវត្តន៍អ្នកការទូតចំនួន 41 នាក់ ត្រឹមថ្ងៃទី 10 ខែតុលា។

ទំនាក់ទំនងរវាងឥណ្ឌា និងកាណាដា កាន់តែតានតឹងខ្លាំងជុំវិញការសង្ស័យរបស់កាណាដា ដែលថាភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា មានការទាក់ទងក្នុងឃាតកម្មខែមិថុនានៅប្រទេសកាណាដា លើមេដឹកនាំផ្តាច់ខ្លួន Sikh និងពលរដ្ឋកាណាដាឈ្មោះ Hardeep Singh Nijjar ដែលឥណ្ឌាបានចាត់ទុកជា "ភេរវករ"។

ប្រទេសឥណ្ឌា បានច្រានចោលការចោទប្រកាន់នេះថា មិនសមហេតុផល។ កាសែត Financial Times ដោយដកស្រង់សំដីមនុស្ស ដែលដឹងពីការទាមទាររបស់ឥណ្ឌា បាននិយាយថា ឥណ្ឌា បានគំរាមដកអភ័យឯកសិទ្ធិការទូតរបស់អ្នកការទូតទាំងនោះ ហើយបានប្រាប់ពួកគេ ឱ្យចាកចេញ ។

សូមបញ្ជាក់ថា ប្រទេសកាណាដា មានអ្នកការទូតចំនួន 62 នាក់នៅក្នុងប្រទេសឥណ្ឌា ហើយឥណ្ឌា បាននិយាយថា ចំនួនសរុប គួរតែត្រូវបានកាត់បន្ថយត្រឹម 41 នាក់។ ក្រសួងការបរទេសឥណ្ឌា និងកាណាដា មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar បាននិយាយនៅមុននេថា មាន "អាកាសធាតុនៃអំពើហឹង្សា" និង "បរិយាកាសនៃការបំភិតបំភ័យ" ប្រឆាំងនឹងអ្នកការទូតឥណ្ឌានៅក្នុងប្រទេសកាណាដា ទីដែលវត្តមានរបស់ក្រុមបំបែកខ្លួន Sikh បានធ្វើឱ្យទីក្រុង New Delhi ខកចិត្ត នេះបើតាមការផ្សាយរបស់ Reuters ។