បណ្តាញសង្គម

អាជ្ញាធរឥណ្ឌូណេស៉ី ជម្លៀសមនុស្ស២,០០០នាក់ និងដំឡើងការប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត ក្រោយបន្ទុះភ្នំភ្លើង

ភ្នំភ្លើង ដែលផ្ទុះឡើងកាលពីថ្ងៃអាទិត្យ នៅឯប្រទេសឥណ្ឌូណេស៉ី បានបង្ខំឱ្យអាជ្ញាធរជម្លៀសមនុស្សខ្ទង់ ២,០០០នាក់ ទៅកាន់កន្លែងសុវត្ថិភាព ហើយការប្រកាសអាសន្ន ត្រូវបានដំឡើងដល់កម្រិតខ្ពស់បំផុត សម្រាប់តំបន់ភ្នំភ្លើង ដែលស្ថិតនៅភាគខាងកើតនៃកោះជ្វា។

មកទល់ពេលនេះ ពុំទាន់មានសេចក្តីរាយការណ៍ អំពីមនុស្សរងគ្រោះថ្នាក់ស្លាប់ និងរបួសដោយសារបន្ទុះភ្នំភ្លើង មានឈ្មោះថា សេមេរូ (Semeru) ដែលបានកើតឡើងកាលពីវេលាម៉ោងជិត ៣យប់រំលងអាធ្រាត្រនៅឡើយទេ។

រីឯក្រសួងដឹកជញ្ជូនឥណ្ឌូណេស៉ី បានឱ្យដឹងថា ការធ្វើដំណើរតាមផ្លូវអាកាស គឺមិនមានរងការប៉ះពាល់ឡើយ ប៉ុន្តែបានបញ្ជូនសារឱ្យអាកាសយានដ្ឋានចំនួន២នៅក្នុងតំបន់ រក្សាការប្រុងប្រយ័ត្នជាប់។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៉ី BNPB បានប្រាប់ថា មនុស្សចំនួន១,៩៧៩នាក់ ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលជ្រកកោនសុវត្ថិភាពចំនួន ១១កន្លែង ហើយអាជ្ញាធរ ក៏បានចែកម៉ាសការពារដល់ប្រជាជនផងដែរ ខណៈកិច្ចប្រឹងប្រែងជួយសង្រ្គោះ រុករក និងជម្លៀសកំពុងតែបន្តប្រព្រឹត្តទៅ។ សូមបញ្ជាក់ថា នៅពេលវាផ្ទុះឡើងកាលពីឆ្នាំ២០២១ សេមេរូ ដែលជាភ្នំខ្ពស់បំផុតប្រចាំលើកោះជ្វា បានផ្តាច់ជីវិតមនុស្សជាង ៥០នាក់ ហើយបង្កឱ្យរាប់ពាន់នាក់ ត្រូវព្រាត់ប្រាសពីលំនៅឋាន។

ជាមួយភ្នំភ្លើងសរុបចំនួន១៤២ ឥណ្ឌូណេស៉ី ជាប្រទេសមានចំនួនប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោកនេះ ដែលរស់នៅក្បែរភ្នំភ្លើង ក្នុងនោះ៨.៦លាននាក់ ស្ថិតក្នុងគម្លាតតែ១០គីឡូម៉ែត្រប៉ុណ្ណោះ នេះបើតាមការផ្សាយរបស់ AFP ។