បណ្តាញសង្គម

លោក Rishi Sunak៖ «យុគសម័យមាស» នៃទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងចិន ដល់ទីបញ្ចប់ហើយ

នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) បាននិយាយថា ចិន បាននិងកំពុងបង្ក «ផលប៉ះពាល់ជាប្រព័ន្ធ» ដល់គុណតម្លៃ និងផលប្រយោជន៍របស់ចក្រភពអង់គ្លេស ខណៈ «យុគ្គសម័យ មាស» នៃទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងចិន បានដល់ទីបញ្ចប់ហើយ។

លោក រីស៊ី ស៊ូណាក់ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាក្នុងព្រឹត្តិការណ៍មួយនៅឯទីក្រុងឡុងដ៍ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា អ្នកសារព័ត៌មាន BBC ម្នាក់ ត្រូវគេវាយដុំ ខណៈកំពុងចុះយកព័ត៌មានបាតុកម្មវ៉ាក្នុងទីក្រុងសៀងហៃ។ ថ្លែងនាឱកាសនោះ លោក ស៊ូណាក់ បានគូសបញ្ជាក់ថា «ចក្រភពអង់គ្លេស ចាំបាច់ត្រូវអភិវឌ្ឍយុទ្ធសាស្ត្រចំពោះចិន ដែលកំពុងប្រើអំណាចដែលខ្លួនមាន ដើម្បីពង្រីកឥទ្ធិពលនៅលើពិភពលោក»។

លោក បន្ថែមថា វាក៏ច្បាស់ណាស់ដែរថា យុគសម័យមាស បានដល់ទីបញ្ចប់ហើយ ដែលនេះមានន័យថា ទំនាក់ទំនងពាណិជ្ជកម្ម នឹងនាំទៅរកការធ្វើកំណែទម្រង់សង្គម និងនយោបាយដោយស្វ័យប្រវត្តិ។ សូមបញ្ជាក់ថា បើតាមលោក ស៊ូណាក់ រដ្ឋាភិបាលរបស់លោក នឹងផ្ដល់អាទិភាពដល់ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខឱ្យកាន់តែស៊ីជម្រៅ ជាមួយបណ្ដាប្រទេសជាសម្ព័ន្ធមិត្តនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះបើតាមការផ្សាយរបស់ Reuters ។