ក្រុងហ៊ីឌើរ៉ាបាដៈ មនុស្សយ៉ាងតិច ២០ នាក់ ត្រូវបានសម្លាប់ ពីថ្ងៃអង្គារ នៅពេលប៉ូលិស បានបើកការបាញ់ប្រហារ លើក្រុមអ្នកកាប់ឈើ ដែលបានវាយប្រហារ ពួកគេដោយប្រើពូថៅ និងដុំថ្ម ក្នុងតំបន់មួយ នៅភាគខាងត្បូងឥណ្ឌា ដែលល្បីខាងការ រត់ពន្ធចន្ទន៍ក្រសា្ន ។
អធិការរងលោក M. Kantha Rao បាននិយាយថា ក្រុមមន្រ្តីរបស់លោក បានបើកការបាញ់រះ «ជាការការពារខ្លួន» បន្ទាប់ពីប្រឈមជាមួយ ក្រុមអ្នករត់ពន្ធ ដែលគេសង្ស័យជាង ១០០ នាក់ នៅ ក្នុងព្រៃដាច់ ស្រយាលមួយក្នុងរដ្ឋ អាន់ត្រាប្រាដេស ភាគខាងត្បូង ។
មន្រ្តីនាយកដ្ឋាន រុក្ខាប្រមាញ់ ក្នុងតំបន់ម្នាក់ បានប្រាប់ AFP ដោយឡែកថា ក្រុមអ្នកកាប់ឈើ ទាំងនោះ បានប្រើប្រាស់ពូថៅ ដំបង និងដុំថ្មដើម្បី វាយប្រហារក្រុមមន្រ្តី មកពីកម្លាំងការងារ ពិសេសមួយប្រឆាំង នឹងការរត់ពន្ធដែលទើបនឹង បង្កើតថ្មី ដែលកំពុងតែល្បាត ក្នុងព្រៃនេះ ។
លោក Rao បានប្រាប់ AFP ថា៖ «ភាគីប៉ូលិសយើង បានព្រមានពួក គេឲ្យប្រគល់ឈើ ។ មន្រ្តីរុក្ខាប្រមាញ់ ជាច្រើនបានអមដំណើរ ពួកគេផងដែរ ។ ប៉ុន្តែក្រុមអ្នករត់ពន្ធទាំងនោះ មិនព្រមប្រគល់ឈើឲ្យទេ » ។ លោកបាននិយាយថា៖ «នៅទីបំផុតដើម្បី ការពារខ្លួនក្រុម ប៉ូលិស បានបើកការបាញ់ ប្រហារលើក្រុម អ្នករត់ពន្ធទាំងនោះ និងបានរកឃើញសាកសព ៩ នាក់នៅទីតាំងមួយ ហើយសាកសព មនុស្ស ១១ នាក់ទៀតនៅទីតាំងមួយទៀត » ។
លោក Rao ដែលជាអ្នកដឹកនាំ ក្រុមការងារដែល ត្រូវបង្កើតឡើង ដើម្បីប្រយុទ្ធប្រឆាំង នឹងការរត់ពន្ធ ឈើចន្ទន៍ក្រស្នា បាននិយាយថា មន្រ្តីប៉ូលិស ៦ ឬ ៧ នាក់បានរងរបួស ក្នុងអំឡុងពេលប៉ះ ទង្គិចគ្នានៅ ស្រុកឈីតួរនោះ។ លោកបាននិយាយថា កម្លាំងលោកធ្លាប់ បានស្ថិតក្រោមការ វាយប្រហារពីអ្នកកាប់ ឈើក្នុងព្រៃ នៅក្នុងស្រុកឈីតួរ ដែលមានចម្ងាយប្រមាណ ៤៨០ គីឡូម៉ែត្រខាងជើង ក្រុងហ៊ីឌើរ៉ាបាដ នៅក្នុងរដ្ឋអាន់ត្រាប្រាដេស ហើយដែល គេបានស្គាល់ស្រុកនេះ ដោយសារដើមឈើ ចន្ទន៍ក្រសា្ន ពណ៌ក្រហមរបស់វា ៕
ដកស្រង់ពី៖ ភ្នំពេញប៉ុស្ដិ៍